អគ្គិភ័យលេបត្របាក់តូបលក់ខោអាវទាហានអស់១តូប ដែលធ្វើឱ្យតូបនៅជុំវិញភ័យស្លន់ស្លោ នាំគ្នាជញ្ជូនខោអាវចេញក្រៅ នៅផ្សាររុងក្លឿ ស្ថិតក្នុងភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ
ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យបានលេបត្របាក់តូបលក់ខោអាវទាហានអស់១តូប ដែលធ្វើឱ្យតូបនៅជុំវិញភ័យស្លន់ស្លោ នាំគ្នាជញ្ជូនខោអាវចេញក្រៅ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅផ្សាររុងក្លឿ ស្ថិតក្នុងភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។
នៅពេលពេលមានហេតុការណ៍នេះ តូបអាជីវករខ្មែរនៅផ្សាររុងក្លឿប្រទេសថៃ ឃើញវត្តមានឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទចូលរួមសហការជាមួយកម្លាំងថៃ ជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ។
អាជីវករបានប្រាប់ថា ភ្លើងបានឆេះតូបលក់ខោអាវអាជីវករខ្មែរនៅផ្សាររុងក្លឿប្រទេសថៃ ចំណុចផ្សារ(អ.ប.ច អគារ ខ.ខ្វាយ៤)នេះ គេឃើញរថយន្តពន្លត់អគ្គិភ័យប្រមាណជិត១០គ្រឿង និងកម្លាំងចុះជួយអន្តរាគមន៍ជាច្រើននាក់ ខណៈពេលបាញ់ទឹកពន្លត់បណ្តើរ អាជីវករដែលលក់ដូរនៅតូបក្បែរគ្នា បានជញ្ជូនខោអាវចេញពីតូបការពារខ្លាចឆេះរាលដាលដល់ ។
អាជីវករវបញ្ជាក់ថា តូបអាជីវករខ្មែរដែលឆេះអស់១ខ្នងនេះ លក់សម្លៀកកបំពាក់ខោអាវយោធាថ្មី ជាឯកសណ្ឋានកងទ័ពខ្មែរ បានរងការខូចខាតអស់ស្ទើរទាំងស្រុង ។ អគ្គិភ័យឆេះតូបនេះ ត្រូវបានគេរកឃើញថា បង្កដោយការឆ្លងចរន្តអគ្គិសនីឆេះផ្នែកខាងលើឡៅតឿ ហើយបានរាលដាលមកក្រោម តែត្រូវជួយអន្តរាគមន៍ពន្លត់បានទាន់ពេល មិនរាលដាលបន្ត តែទំហំនៃការខូចខាតមិនទាន់បានដឹងនៅឡើយទេ ។
អាជីវករខ្មែរបានបញ្ជាក់ថា ចំណុចដែលអគ្គិភ័យឆេះតូបអាជីវករខ្មែរនេះ បានជួលតូបលក់ដូរ១តូប១ខែតម្លៃជាង១ម៉ឺនបាត ដែលបច្ចុប្បន្ននេះ មានតែអ្នកលក់មិនសូវមានអ្នកទិញទេ ។ កន្លងមកផ្សាររុងក្លឿ តែងត្រូវបានអគ្គិភ័យឆេះជារឿយៗ ភាគច្រើនឆេះពេលយប់ នៅពេលម្ចាស់មិននៅ ដោយចូលមកកាន់ក្រុងប៉ោយប៉ែតជាទម្លាប់ ។ ដោយសារតែអគ្គិភ័យតែងកើតមានជារឿយៗនៅផ្សាររុងក្លឿនេះ បានធ្វើឱ្យអាជីវករខ្មែរមួយចំនួនធ្លាក់ខ្លួនក្រ ព្រោះតែត្រូវប្រឈមនឹងការរកប្រាក់បង់ធនាគារផង ប៉ុន្តែទោះបីជាបែបណា អាជីវការខ្មែរទាំងនេះ មិនបានគិតថា វិលមកលក់នៅលើទឹកដីខ្មែរវិញនោះទេ ៕