ម្តាយខំចិញ្ចឹមតាំងពីបាតជើងក្រហម រហូតកូនមានវ័យ៣៦ឆ្នាំទៅហើយ បណ្តោយឱ្យគ្រឿង..ញៀនដឹកមុខ ឈ្លក់វង្វេងលែងដឹងខុសត្រូវ គំរាមកាប់ស..ម្លាប់ម្តាយជាច្រើនលើក វាយបំផ្លាញទ្រព្យសម្បត្តិ

ខេត្តកណ្តាល ៖ ហេតុការណ៍នេះ កើតឡើងនៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។ ម្តាយខំចិញ្ចឹមតាំងពីបាតជើងក្រហម រហូតកូនមានវ័យ៣៦ឆ្នាំទៅហើយ បណ្តោយឱ្យគ្រឿងញៀនដឹកមុខ ឈ្លក់វង្វេងលែងដឹងខុសត្រូវ គំរាមកាប់សម្លាប់ម្តាយជាច្រើនលើក វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ទាំងដែលធ្លាប់ត្រូវបានសមត្ថកិច្ចហៅមកអប់រំធ្វើកិច្ចសន្យាចំនួន០២លើកក៏នៅតែមិនរៀងចាល ចុងក្រោយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទ ធ្វើឱ្យខូចខាតដោយចេតនាគំរាមកំហែងថា សម្លាប់ និងប្រើប្រាស់គ្រឿងញៀន ។

ជនរងគ្រោះត្រូវជាម្តាយ ឈ្មោះ ញិល ផូ អាយុ៦៨ឆ្នាំ មានមុខរបរ កសិករ ។ ចំណែកជនសង្ស័យ ឈ្មោះ ចំរើន ហាប់ ភេទប្រុស អាយុ ៣៦ឆ្នាំ (ត្រូវជាកូនបង្កើត) មានមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន ។ ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ កណ្តៀវខ្វាងចំនួន ០២ ដើម ។

ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងតែងតែរករឿងឡូឡាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជេរបញ្ចោរ និងយកកណ្តៀវរកកាប់សម្លាប់ទៅជនរងគ្រោះជាញឹកញាប់ ហើយត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ហៅមកអប់រំធ្វើកិច្ចសន្យាចំនួន០២ លើកតែមិនរៀងចាល ។ លុះនៅថ្ងៃទី២៩ មេសា ឆ្នាំ២០២៥ វេលាម៉ោង ០៣ និង ១០នាទីរសៀល ជនសង្ស័យបានយកទូរស័ព្ទរបស់ជនរងគ្រោះទៅប្រើ ហើយជនរងគ្រោះក៏បានថា «ទូរស័ព្ទខ្លួនឯងមានទៅណាអស់ហើយ» ពេលនោះ ធ្វើឱ្យជនសង្ស័យខឹងក៏រករឿងស្រែកជេរឡូឡាវាយបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ និងស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះថែមទៀត ហើយជនរងគ្រោះក៏បានរត់គេចចេញមិនហ៊ាននៅផ្ទះ ។
ដោយទ្រាំនិងទង្វើរបស់ជនសង្ស័យមិនបាន នៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៥ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ដើម្បីឪ្យជួយអន្តរាគមន៍ ពេលទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងប្រជាការពារបានចុះទៅដល់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្តង ។
ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង