ជនស..ង័្សយជាមុខសញ្ញាឆបោកពីរនាក់មកពីខេត្តឆ្ងាយឆ្មក់ធ្វើសកម្មភាពនៅខេត្តបាត់ដំបងត្រូវជាប់អន្ទាក់សមត្ថកិច្ចខណៈមានគ្រឿងកាឡៃធ្វេីជានុយយ៉ាងច្រើនកញ្ចប់នៅជាប់ខ្លួន
នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥វេលាម៉ោង៩ និង៥០ នាទី ព្រឹក មានករណីឆបោកមួយបានកើត ឡើង ក្នុងទីប្រជុំជនផ្សារមួយកន្លែងក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈអាជីវករលក់មាស ប្តូរប្រាក់ឈ្មោះ លាម ណែត ភេទស្រី អាយុ២៦ ឆ្នាំនៅក្រុមទី ០៣ ភូមិស៊ុង ១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង កំពុងមមាញឹក ក្នុងការប្រកបមុុខរបររកទទួលទានរបស់ខ្លួន ត្បិតមានអតិថិជនចូលមកទាំងព្រឹក នាំហេងៗ នាំលាភ នាំសំណាងនោះ ក៏ស្រាប់តែមានស្រ្តីនិងបុរសវ័យកណ្តាល ០២នាក់ ចូលមកបញ្ចាំចិញ្ចៀនមាសមួយវង់ ក្នុងតម្លៃ ៤០០,០០០រៀល(សែសិបម៉ឺនរៀល)ដោយសន្យាថា ត្រូវការប្រាក់ចំបាច់ បញ្ចាំតែបីថ្ងៃទេនឹងមកលស់យក ចិញ្ចៀននេះទៅវិញ។
ដោយស្តាប់យល់នូវសំណូមពរនេះ ហើយស្រ្តីរូបនោះហុចចិញ្ចៀនឱ្យមកដោយមានលិខិតបង្កាន់ដៃ ផង ក៏មានអារម្មណ៍ថា ចិញ្ចៀននេះជារបស់ពិត ដែលមានប្រភពអ្នកលក់ច្បាស់លាស់ ក៏យល់ព្រមទទួលយក ហើយ ប្រគល់ប្រាក់ចំនួនខាងលើឱ្យទៅស្រ្តីនិងបុរសរូបនោះ ។ ខណៈទទួលបានប្រាក់ភ្លាម អ្នកទាំងពីរហាក់ប្រញ៉ាប់ ប្រញ៉ាល់ក្នុងការចាកចេញ ដែលបង្ហាញនូវឥរិយាគួរឱ្យសង័្សយ ហើយភ្លាមៗគាត់បានយកចិញ្ចៀននេះ មកពិនិត្យមើលឡើងវិញ ទើបដឹងថា ជាចិញ្ចៀនកាឡៃ មិនមែនចិញ្ចៀនមាសនោះទេ ហើយគាត់ក៏ផ្តល់ព័ត៌មានបន្ទាន់មកសមត្ថកិច្ចនគរបាលស្រុកសំឡូត ដែលមានលោកវរសេនីយ៍ទោ មែន រីម ជាអធិការ នគរបាលស្រុក និងចេញអន្តរាគមន៍ភ្លាមៗ ស្ទាក់ចាប់ស្រ្តីនិងបុរសវ័យកណ្តាលទាំងពីរនាក់កំពុងជិះម៉ូតូ មួយគ្រឿងចាកចេញពីភូមិសាស្រ្តស្រុក។
ស្រ្តីនិងបុរសនោះគឺឈ្មោះ រ៉េន ម៉ៅ ភេទស្រី អាយុ ៤២ ឆ្នាំ មានទីលំនៅ នៅភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ៥៤ ឆ្នាំ មានទីលំនៅ នៅភូមិព្រះធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។
សមត្ថកិច្ចបានរកឃើញចិញ្ចៀន ជាគ្រឿងកាឡៃជាច្រើនស្ថិតនៅជាប់ខ្លួនរបស់គាត់ ហេីយក្នុងពេលសាកសួរបឋមរូបគាត់ បានឆ្លើយសារភាពថា មុខរបរគាត់គឺដើរធ្វើសកម្មភាព បន្លំ ឆបោក ដោយប្រើប្រាស់រូបភាពបែបនេះ នាពេលកន្លងមក ពិសេសតាមស្រុក ជនបទដាច់ស្រយ៉ាល ។
ដោយអនុវត្តតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឱ្យ ចាត់បញ្ជូនជនសង័្សយនិងវត្ថុតាង មកផែនជំនាញ ដើម្បីធ្វើការស្រាវជ្រាវបន្ថែម និងមានចំណាត់ការតាម ផ្លូវច្បាប់ រីឯប្រាក់ប្រគល់ជូនម្ចាស់វិញ ។
សូមជូនព័ត៌មានថា នៅមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលចូលមកដល់នាថ្ងៃខាងមុខ ក្រុមមុខសញ្ញាល្មើសតែងឆ្លៀតឱកាស ចល័តធ្វើសកម្មភាពដូចគ្នា ឬស្រដៀងគ្នានេះ នៅតាមទីប្រជុំជន ទីផ្សារ ខ្លះដែលអាជីវករលក់ ដូរ ខ្វះការប្រុងប្រយ័ត្ន នោះគេនឹងធ្វើសកម្មភាពបន្លំ ឬឆបោកបានភ្លាមៗ ដូច្នេះ សូមបងប្អូន អាជីវករ លក់ដូរនៅតាមផ្សារមេត្តាប្រុងប្រយ័ត្ន និងសូមបន្តសហការណ៍ផ្តល់ព័ត៌មានមកកាន់សមត្ថកិច្ចនគរបាល បានទាន់ពេលវេលា ដើម្បីអន្តរាគមន៍និងចាត់វិធានការជូន៕