Banner Detail Top

អាកាសធាតុរាំងស្ងួត បានបន្តអូសបន្លាយគ្មានភ្លៀងធ្លាក់ បណ្តាលឲ្យប្រជាពលរដ្ឋរស់នៅភូមិឋានមួយចំនួនប្រឈម កង្វះទឹកប្រើប្រាស់ សម្រាប់ត្រៀមជួយសង្គ្រោះដល់ពលរដ្ឋ ដោយផ្តល់ទឹកឥតគិតថ្លៃ

ខេត្តមណ្ឌលគិរី ៖ លោកឧត្តមសេនីយ៏ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ដោយស្ថានភាពមេឃរាំងស្ងួតយូរខែ កន្លែងខ្លះអណ្តូងលែងចេញទឹក ស្រះត្រពាំងអូរក៏រីងទឹកអស់ បណ្តាលឲ្យប្រជាពលរដ្ឋរស់នៅភូមិមួយចំនួនបានដាច់ទឹកប្រើប្រាស់ប្រចាំថ្ងៃ ។ ដូច្នេះកម្លាំងនគរបាលទូទាំងខេត្តមណ្ឌលគិរីក៏បានត្រៀមរួចរាល់ និងបានដឹកទឹកចែកជូនបងប្អូនដែលមានការលំបាកខ្លាំងឆ្ងាយប្រភពទឹកជាការជួយសម្រាលដល់ពួកគាត់ ។
លោកឧត្តមសេនីយ៌ស្នងការថា នៅតាមបណ្តាអធិការក្រុង-ស្រុកទាំងប្រាំ ក្នុងខេត្តមណ្ឌលគិរី បានបញ្ជូនរថយន្តដឹកទឹកចុះដល់ភូមិតាមមូលដ្ឋាននានា និងបានពិនិត្យមើលតាមខ្នងផ្ទះប្រជាពលរដ្ឋ បើពួកគាត់មានតម្រូវការទឹក និងអន្តរាគមន៌ជួយបានភ្លាមៗ ។ មិនត្រឹមការជួយផ្តល់ទឹកឥតគិតថ្លៃប៉ុណ្ណោះទេ កម្លាំងនគរបាលបន្តផ្សព្វផ្សាយពីបញ្ហាអគ្គិភ័យក្នុងរដូវរាំងស្ងួតនេះ ចៀសវាងការដុតព្រៃ ឬដុតសំរាមទុកចោល ឆេះរាលដាលបង្កជាគ្រោះថ្នាក់ផ្សេងៗ ដូចជា ឆេះដល់ចម្ការ ទ្រព្យសម្បត្តិនានា ឬផ្ទះរបស់ខ្លួន ។
លោកឧត្តមសេនីយ៌ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានបញ្ជាក់ថា បើបងប្អូនរស់នៅក្នុងមូលដ្ឋានខេត្តមណ្ឌលគិរី ជួបបញ្ហា គ្មានទឹកប្រើប្រាស់ សូមទំនាក់ទំនងទៅប៉ុស្តិ៍រដ្ឋបាល ឬអធិការដ្ឋាន ឬមធ្យោបាយណាមួយក៏បាន ផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីអាចជួយផ្តល់ទឹកជូនតាមការជាក់ស្តែង ៕

អត្ថបទដែលជាប់ទាក់ទង