Banner Detail Top

ពលរដ្ឋខេត្តមណ្ឌលគិរី ត្រេកអរខ្លាំងណាស់ ចំពោះការកសាងព្រែកជីកហ្វូណនតេជោ

មណ្ឌលគិរី៖ ថ្វីត្បិតខេត្តមណ្ឌលគិរីមិនមែនជាខេត្តដែលស្ថិតជាប់ព្រែកជីកហ្វូណនតេជោ និងជាខេត្តនៅឆ្ងាយពីព្រែកជីកនេះក្ដី ប៉ុន្តែប្រជាពលរដ្ឋពិតជាមានការត្រេកអរ និងសាទរជាខ្លាំង ក្រោយពេលដឹងអំពីការជីកព្រែកតភ្ជាប់វិស័យពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ ហើយនេះជាព្រែកជីកប្រវត្តិសាស្រ្តដែលកូនខ្មែរនឹងចងចាំជារៀងរហូត ។

ពលរដ្ឋនៅខេត្តមណ្ឌលគិរីលើកថា ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ខ្លាំងបំផុតចំពោះកម្ពុជា ដោយនឹងជួយជម្រុញវិស័យនានាក្នុងប្រទេសឲ្យរីកចម្រើនខ្លាំង ពិសេសគឺការដឹកជញ្ជូនទំនិញពីទន្លេរទៅសមុទ្រ បន្ថយការចំណាយខ្ពស់ជាងការដឹកជញ្ជូនតាមរថយន្ត ឬឆ្លងកាត់តាមប្រទេសជិតខាង ។ ហើយនេះជាប្រវត្តិសាស្ត្រហើយរបស់កម្ពុជាដែលមានព្រែកជីកហ្វូណនតេជោ ក្រោមគំនិតផ្ដួចផ្ដើមដ៏ឈ្លៀសវៃបំផុតរបស់សម្ដេចតេជោ ដែលបច្ចុប្បន្នសម្ដេចជាប្រធានព្រឺទ្ធិសភាជាតិ ។ ពលរដ្ឋមានការថ្លែងអំណរគុណខ្លាំង ចំពោះសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី ដែលសម្ដេចទាំងពីរ បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនខ្លាំងឥតឈប់ឈរ ។

ពលរដ្ឋខេត្តមណ្ឌលគិរី មិនពេញចិត្តចំពោះមតិរបស់ក្រុមប្រឆាំងមួយក្ដាប់តូច ដែលនិយាយវាយប្រហារថាព្រែកជីកនេះគ្មានផលប្រយោជន៍ជាតិ ដែលការលើកឡើងនេះខុសស្រឡះទាំងស្រុងពីការពិត ខណៈពលរដ្ឋនៅកម្ពុជាត្រូវការព្រែកជីកហ្វូណនតេជោនេះជាខ្លាំង និងសាទរយ៉ាងពេញទំហឹង ដើម្បីប្រយោជន៍ជាតិរបស់កម្ពុជា ។

ក្រុមប្រជាពលរដ្ឋបន្តថា ព្រែកជីកហ្វូណនតេជោមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដ៏ធំសម្រាប់ជាតិនោះទេ សូម្បីពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រែកជីករាប់លាននាក់ ក៏នឹងរីកចម្រើនខ្លាំងផងដែរ ព្រោះមានប្រព័ន្ធធារាសាស្ត្រដល់តំបន់របស់ខ្លួន ងាយស្រួលដល់ការប្រកបកសិកម្ម ការចិញ្ចឹមសត្វ និងការនេសាទជាដើម ។
ទោះបីខេត្តមណ្ឌលគិរី មិនស្ថិតនៅជាប់ព្រែកជីកហ្វូណនតេជោ ប៉ុន្តែខេត្តមណ្ឌលគិរីក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើនសម្បើមអំពីវឌ្ឍនភាពរបស់ព្រែកជីកប្រវត្តិសាស្ត្រមួយនេះ ពីព្រោះថាមណ្ឌលគិរីជាខេត្តមានផ្ទៃដីធំទូលាយនិងអំណោយផលខ្លាំងលើវិស័យកសិកម្ម ផ្ទៃដីមានជីវជាតិដាំដំណាំអ្វីក៏ល្អ ហើយសព្វថ្ងៃទិន្នផលកសិកម្មមួយផ្នែកធំត្រូវពឹងផ្អែកលើប្រទេសជិតខាង ក្នុងន័យនេះប្រសិនកម្ពុជាដំណើរព្រែកជីកហ្វូណនតេជោ វិស័យពាណិជ្ជកម្មរបស់កម្ពុជានឹងមានការប្រកួតប្រជែងខ្ពស់ ហើយទិន្នផលកសិកម្មរបស់ខេត្តមណ្ឌលគិរី ក៏នឹងមានទីផ្សារបញ្ជាក្នុងស្រុកកាន់តែច្រើន តម្លៃល្អ ដូច្នេះខេត្តមណ្ឌលគិរីនឹងទទួលផលយ៉ាងច្រើនលើសលប់ពីព្រែកជីកហ្វូណនតេជោ ៕

អត្ថបទដែលជាប់ទាក់ទង