Banner Detail Top

ទីបំផុត! លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបានភាពស្អាតស្អំ និងលាងជម្រះរាល់មន្ទិលសង្ស័យទាំងឡាយ

(ភ្នំពេញ)៖ ទីបំផុត! លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបានភាពស្អាតស្អំ និងលាងជម្រះរាល់មន្ទិលសង្ស័យទាំងឡាយ បន្ទាប់លោក យ៉ង ប៉ាក់ បានសារភាពថា ការចោទប្រកាន់លោក ព្រាប កុល ជាប់ពាក់ព័ន្ធការបាត់លុយរបស់ក្រុមហ៊ុន CIC នោះ គឺលោកគ្មានភស្តុតាង និងមូលដ្ឋានអ្វីទាំងអស់។
លោក យ៉ង ប៉ាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង តាមបណ្តឹងរបស់លោក ព្រាប កុល។ បណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក យ៉ង ប៉ាក់ ប្រើគណនីហ្វេសប៊ុកឈ្មោះ Chivann Pen ហៅតាប្រមឹក ចោទប្រកាន់លោក ព្រាប កុល ថាជាប់ពាក់ព័ន្ធការបាត់លុយរបស់ក្រុមហ៊ុន CIC។
ការសរសេរចោទប្រកាន់ដោយគ្មានភស្តុតាងនេះ ត្រូវបានលោក ព្រាប កុល ចាត់ទុកជាការធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់លោក។
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក ព្រាប កុល បានបង្ហោះលិខិតសុំទោសរបស់លោក យ៉ង ប៉ាក់ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។
ក្នុងលិខិតនេះ លោក យ៉ង ប៉ាក់ បានរៀបរាប់ថា អ្វីដែលលោកបានសរសេរកន្លងទៅនោះ ពុំមានភស្តុតាង ឬមូលដ្ឋានអ្វីច្បាស់លាស់នោះឡើយ។ ការសរសេរនោះ ដោយសារតែជឿស្លុងលើពាក្យចចាមអារាមពីរង្វង់អ្នកវិនិយោគនៅក្រុមហ៊ុន CIC មួយចំនួនតូច ហើយមានកំហឹងមួយពេលធ្វើឱ្យបាត់បង់ជំហរផ្សព្វផ្សាយចោទប្រកាន់លោក ព្រាប កុល តែម្តង។
លោក យ៉ង ប៉ាក់ បានគូសរំលេចថា បន្ទាប់ពីដឹងថា លោក ព្រាប កុល មិនមានតួនាទីអ្វីនៅក្រុមហ៊ុន CIC ធ្វើឱ្យរូបលោករឹតតែមានការសោកស្តាយ មានវិប្បដិសារីកាន់តែខ្លាំងលើកំហុសដែលបានប្រព្រឹត្ត។
ទន្ទឹមការសុំទោសលើកំហុសឆ្គងទាំងឡាយរបស់ខ្លួនហើយនោះ លោក យ៉ង ប៉ាក់ ក៏បានស្នើសុំលោក ព្រាប កុល ជួយសម្របសម្រួលនីតិវិធីច្បាប់ ដើម្បីបើកផ្លូវឱ្យខ្លួនបានរស់នៅក្រៅឃុំផងដែរ។
ជាមួយនឹងការទទួលបានលិខិតសុំទោសនេះ លោក ព្រាប កុល បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា លោក យ៉ង ប៉ាក់ ជាមនុស្សទីមួយ ដែលលោកបង្ខំចិត្តប្តឹងតាមផ្លូវតុលាការ ដើម្បីការពារភាពស្អាតស្អំ។
លោក ព្រាប កុល បន្តថា រូបលោកជាមនុស្សមិនសូវប្រកាន់ទោសពៃគេឡើយ ប៉ុន្តែការប្រឌិតព័ត៌មានចោទ និងមួលបង្កាច់មកលើរូបលោកពាក់ព័ន្ធទៅនឹងការកិបកេង ឬកេងបន្លំប្រាក់គឺប៉ះពាល់ដល់គុណតម្លៃស្នូល និងកិត្តិយសរបស់លោក ដែលបានសាងឡើងអស់ជាច្រើនទសវត្សន៍ដោយលំបាក។
«ការចោទមួលបង្កាច់នោះ គឺប្រៀបបានទៅនឹងការយកលំពែងមកចាក់ចំបេះដូងរបស់ខ្ញុំ ហើយពេលដែលសារព័ត៌មានយកទៅផ្សព្វផ្សាយ បានបង្កឱ្យមានការយល់ច្រឡំ និងចោទដាក់បន្ទុកបន្ថែមមកលើរូបខ្ញុំពីសំណាក់បងប្អូនជនរួមជាតិមួយចំនួនដែលមិនដឹងរឿង គឺប្រៀបបានដូចគេយកលំពែងនោះទៅបុករុកបន្ថែមបង្កឱ្យមានរបួស និងការឈឺចាប់កាន់តែខ្លាំងដូច្នោះដែរ។ បន្ថែមពីនេះ ការចោទមួលបង្កាច់បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូ និងសុវត្ថិភាពរបស់ខ្ញុំ និងក្រុមគ្រួសារ និងប៉ះពាល់ដល់ស្ថាប័នដែលខ្ញុំបម្រើការងារផងដែរ»។ នេះជាការបញ្ជាក់របស់លោក ព្រាប កុល។
បើទោះបីការមូលបង្កាច់តាមរយៈសំណេររបស់លោក យ៉ង ប៉ាក់ ធ្វើឱ្យលោក ព្រាប កុល ឈឺចាប់ឥតគណនាយ៉ាងណាក្តី ក៏លោក ព្រាប កុល ព្រម ទទួលយកការសុំទោស។
ទោះជាយ៉ាងណា លោក ព្រាប កុល មិនព្រមបញ្ឈប់នីតិវិធីរបស់តុលាការនោះឡើយ។ លោកអះអាងថា លោកមិនមានសិទ្ធិអំណាចណាមួយដែលអាចធ្វើឱ្យមានឥទ្ធិពលដល់នីតិវិធីនៃតុលាការនោះទេ។ ហើយលើសពីនេះទៀត លោកយល់ឃើញថា កម្ពុជា ត្រូវអនុវត្តច្បាប់ជាចាំបាច់ដើម្បីពង្រឹងនីតិរដ្ឋ និងប្រព័ន្ធយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង