Banner Detail Top

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេ៩៦នៃគម្រោងដោះទឹក និងពង្វាងទឹកពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាលនិងខេត្តតាកែវ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់ប្រវែង៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹងពី៨០ទៅ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណប ដើម្បីជួយរំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរនិងតំបន់ X1 វាងព្រលានយន្តហោះចូលទៅបឹងជើងលោង ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើគម្រោងផែនការដើម្បីដោះទឹក និងពង្វាងទឹកក្នុងរដូវវស្សាចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងដោះស្រាយបញ្ហាខ្វះទឹកដែលតែងតែកើតមាននៅរដូវប្រាំងនៅតំបន់ជុំវិញ រួមមានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព។
សូមជម្រាបថា រហូតមកដល់ពេលនេះ វឌ្ឍនភាពការងារជីកស្តារប្រឡាយមេ៩៦ សម្រេចបានប្រមាណ ៦៥%។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារសាងសង់ និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តដែលពាក់ព័ន្ធឱ្យបន្តសហការជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យតាមផែនការគ្រោងទុក ប្រកប ដោយគុណភាពរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ធានាដល់ការប្រើប្រាស់បានយូរអង្វែង។
គួរបញ្ជាក់ថា គម្រោងដោះទឹក និងពង្វាងទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តជាបីជំហាន ក្នុងនោះការងារសំខាន់ៗនៃគម្រោងរួមមាន៖ ទី១)ស្តារប្រឡាយមេរលាំងជ្រៃខាងជើង រលាំងជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ ទី២)ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ទី៣)ស្តារប្រឡាយ៩០ និងប្រឡាយ៩៦ ក្នុងខេត្តកណ្តាល ទី៤)ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល ទី៥)កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ និងទី៦)សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង ប្រើម៉ូទ័រដែលដើរដោយចរន្តអគ្គិសនីចំនួន២៧ គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង