Banner Detail Top

ជន..ស..ង្ស័យ..០៣នាក់ ជិះម៉ូតូ..ឆ..ក់..យកកាបូបលុយពីកម្មការិនីរោងចក្រម្នាក់

ភ្នំពេញ ៖ ជនសង្ស័យ០៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលរលួស សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោធ្វើការដេញតាមឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់យកកាបូបលុយពីកម្មការិនីម្នាក់បានសម្រេច កាលពី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១និង២០នាទីនៅត្រង់ចំណុចខាងមុខដីឡូត៍គ្មានលេខ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថា ស្រីម៉ាច ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ សម្ភារ:បាត់បង់រួមមាន១-ទូរស័ព្ទដៃម៉ាកអាយហ្វូន ៧ផ្លើស ពណ៌ខ្មៅចំនួន០១គ្រឿង, ២-លុយចំនួន២០០.០ ០០រៀល(ម្ភៃម៉ឺនរៀល), ៣-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ រស់ ពិសី ចំនួន០១សន្លឹក។
ចំណែកជនសង្ស័យ០៣នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ វ៉េត សីហា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ទី២-ឈ្មោះ ឈុត បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាក្តុល ឃុំតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៣-ឈ្មោះ ផៃ ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិផ្សារ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជនសង្ស័យទាំង០៣នាក់មានសារធាតុញៀន)។ វត្ថុតាងដកហូតបានរួមមាន១-កាបូបលុយ ពណ៌សូកូឡា ចំនួន០១ , ២-ប័ណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹកឈ្មោះថា ស្រីម៉ាច, ៣-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹកឈ្មោះថា ស្រីម៉ាច, ៤-ប័ណ្ណសមាជិក ប.ស.ស ចំនួន០១សន្លឹកឈ្មោះថា ស្រីម៉ាច (របស់ជនរងគ្រោះ) , ៥-ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ 1O-1355 ចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះ វ៉េត សីហា)។
សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅជាមួយឈ្មោះ រស់ ពិសី ភេទស្រី អាយុ២៥ឆ្នាំ ចេញពីរោងចក្រនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះវិញ នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចខាងមុខដីឡូត៍គ្មានលេខខាងលើ ក៏លេចមុខជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ស លាយខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ 1O-1355 ធ្វើដំណើរស្របទិសគ្នាមកអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ និងការបូបលុយរបស់ជនរងគ្រោះបានសម្រេចហើយជិះម៉ូតូគេចខ្លួនតាមផ្លូវក្រវាត់ក្រុងទី៣ ចំណែកជនរងគ្រោះបានស្រែកចោរៗ ផ្អើលអ្នកជិតខាងនិងសមត្ដកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុបានជួយធ្វើអន្តរាគមន៍ជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយមកដល់ត្រង់ចំណុចផ្លូវប្រឡាយទឹក ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ជនសង្ស័យក៏បានផ្តូលម៉ូតូរត់គេចខ្លួន ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស តាមនីតិវិធីច្បាប់ ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ)ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃនិងកាបូបលុយរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០៣នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង