Banner Detail Top

តារាចម្រៀងលោក គូម៉ា និងតារាសម្តែងវ័យក្មេ..ង នាង ម៉ៅ គីមធីតា សម្រេចចូលរោងការហើយ

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ទំនាក់ទំនងស្នេហ៍ក្រៅឆាកជាមួយគ្នាអស់រយៈពេលប្រមាណជា៧ឆ្នាំ ។ ពិធីមង្គលការរបស់តារាទាំងពីរបានប្រព្រឹត្តទៅយ៉ាងឱឡារឹក ក្រោមវត្តមានចាស់ទុំ និងសាច់ញាតិទាំងសងខាង ជាពិសេស មិត្តភក្តិជិតស្និទ្ធិនៅក្នុងរង្វង់សិល្បៈដូចគ្នា ជាមួយនឹងស្នាមញញឹមនៅក្នុងថ្ងៃសិរីមង្គលនាពេលនេះ ។
ទស្សនិកជនគាំទ្រ ជាពិសេស មិត្តក្នុងសង្គមសិល្បៈដូចគ្នាបានសម្តែងការចូលរួមអបអរសាទរចំពោះអ្នកទាំងពីរនៅក្នុងការចាប់ដៃគ្នាចូលរោងការតាមបំណង បន្ទាប់ពីអ្នកទាំងពីរបានបង្កើតទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នាយ៉ាងផ្អែមល្ហែមអស់រយៈពេលជាច្រើនឆ្នាំមកនេះ ។ បន្ទាប់ពីសម្រេចចូលរោងការសាងគ្រួសាររបស់ លោក គូម៉ា នាពេលនេះតារាចម្រៀងដែលមានសំនៀងស្រទន់រូបនេះនឹងមិនបោះបង់ចូលអាជីពសិល្បៈរបស់ខ្លួនត្រឹមនេះឡើយ ពោលលោកនៅតែបន្តបម្រើអារម្មណ៍ទស្សនិកជនតាមរយៈសំនៀងក្នុងបទចម្រៀងថ្មីបន្តបន្ទាប់ទៀត ។
នៅមុនពេលចាប់ដៃគ្នាចូលរោងការនាពេលនេះ តារាចម្រៀងលោក គូ ម៉ា និងតារាសម្តែងនាង ម៉ៅ គីមធីតា បានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីអំឡុងឆ្នាំ២០១៧មកម្លេះ ។ អ្នកទាំងពីរបានកសាងទំនាក់ទំនងស្នេហ៍របស់ពួកគេយ៉ាងរឹងមាំពីមួយថ្ងៃទីមួយថ្ងៃ ក្រោមការដឹងលឺពីចាស់ទុំទាំងសងខាង ខណៈពេលដែលចំណងស្នេហ៍របស់ពួកគេក៏បានបើកចំហរជាសាធារណះផងដែរ ។
តារាសម្តែងវ័យក្មេងកញ្ញាម៉ៅ គីមធីតា ធ្លាប់បានអះអាងថា នាងគ្មានអ្វីត្រូវលាក់បាំងទេចំពោះស្នេហាជាមួយគូម៉ា ព្រោះនាង និងគូម៉ាពិតជាស្រលាញ់គ្នាមែន ហើយកំពុងតែសិក្សា និងមើលចិត្តថ្លើមគ្នាទៅវិញទៅមកមុនឲ្យចាស់ទុំទាំងសង្ខាងដឹងឮ ។ ម៉ៅ គីមធីតា ស្រលាញ់គូម៉ា ដោយសារតែតារាចម្រៀងរូបនេះមានសំឡេងពីរោះ ចេះយល់ចិត្តខ្លួនគ្រប់បែបយ៉ាង ហើយពេលនៅជាមួយគ្នា គូម៉ា តែងតែធ្វើឲ្យនាងមានអារម្មណ៍ល្អ សប្បាយច្រើនជាងកើតទុក្ខ ។ ចំណែកឯតារាចម្រៀងលោក គូម៉ា វិញធ្លាប់បានបង្ហាញអារម្មណ៍ពេញចិត្តចំពោះម៉ៅ គីមធីតា ថានាងគឺជាក្មេងស្រីម្នាក់ដែលគួរឲ្យស្រលាញ់ខ្លាំងបំផុត ជាមួយភាពរួសរាយរាក់ទាក់ និងកាយវិការក្រមិចក្រមើម ធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានអារម្មណ៍សប្បាយរីករាយពេលធ្វើការជាមួយគ្នា៕

អត្ថបទដែលជាប់ទាក់ទង