Banner Detail Top

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ាកម្ពុជា

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា។
ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន «សមាគមឧកញ៉ាកម្ពុជា»។ ពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា ធ្វើឡើងដើម្បីអបអរសាទរសន្និបាតប្រចាំឆ្នាំលើកទី១ របស់ «សមាគមឧកញ៉ាកម្ពុជា» ដែលប្រារព្ធឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។ សន្និបាតរៀបចំឡើង ដើម្បីពិនិត្យសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤នេះ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនជាការចៃដន្យនោះឡើយ ដែលឧកញ៉ាអញ្ជើញសម្តេចធ្វើជាប្រធានកិត្តិយស។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញនេះ បង្ហាញឱ្យឃើញពីការជឿទុកចិត្តលើតួនាទីរបស់ម្តេច។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចតែងចាត់ទុកវិស័យឯកជន គឺជាក្បាលរថភ្លើង ហើយរាជរដ្ឋាភិបាលគ្រាន់តែជាសេដ្ឋវិទូប៉ុណ្ណោះ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តួនាទីរបស់សម្តេចជាប្រធានកិត្តិយសនេះ គឺជាការផ្តល់នូវភាពជឿទុកចិត្តបន្ថែមទៀតដល់ការធ្វើធុរកិច្ចរបស់ឧកញ៉ា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឧកញ៉ា បាននិងកំពុងដើរតួនាទីសំខាន់ចំនួនពីរ ក្នុងការងារចំនួន៥រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចេរភាព។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះសម្តេចមិនមែនជានាយករដ្ឋមន្ត្រី តែសម្តេចជាឪនាយករដ្ឋមន្ត្រី។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីយូរជាងគេ ដូច្នេះសម្តេចយល់ ហើយមិនប្រើសារបែបបញ្ជាក្នុងឋានៈមិនមែនជានាយករដ្ឋមន្ត្រីនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទៅកាន់ក្រុមមនុស្សលោកខាងលិច ដែលតែងរិះគន់សម្តេចថា ពួកគេគ្រាន់តែមានវាសនាកើតលើប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលរបស់ពួកគេ មិនប្រាកដថាខ្លាំងជាងសម្តេចនោះទេ។ បើស្ថិតក្នុងស្ថានការណ៍ដូចកម្ពុជា ពួកគេប្រហែលជារត់ចោលជួរហើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលារៀននៅទូទាំងប្រទេស ស្ទើរតែពាក់កណ្តាលជាសាលាដែលជួយដោយសប្បុរសជន ជាឧកញ៉ា ឬអ្នកឧកញ៉ា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកអ្នកមានធ្វើជាសត្រូវ គឺជាចរិតដ៏ឆោតល្ងង់។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក ស្រះទឹក និងទីអារាមជាដើម សុទ្ធតែមានការចូលរួមពីសប្បុរសជនជាឧកញ៉ា ឬអ្នកឧកញ៉ា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលមានគ្រោះមហន្តរាយផ្សេងៗ ជាពិសេសពេលមានជំងឺកូវីដ១៩ តើអ្នកមាននៅស្រុកខ្មែរធ្វើយ៉ាងណា? ថវិកាប្រមាណជា ៧លានដុល្លារ ត្រូវបានចូលរួមពីសប្បុរសជន ដើម្បីជួយដោះស្រាយបញ្ហាក្នុងសង្គម។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើធៀបជាមួយប្រទេសអ្នកមាន គេមានអ្នកមានធនធានច្រើនណាស់ តែការចូលរួមមិនដូចនៅកម្ពុជានោះទេ។
*សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពេលជំងឺកូវីដ១៩ រាតត្បាត សម្តេចមិនធ្វើឱ្យពលរដ្ឋអត់កន្លែងដេកព្យាបាលជំងឺនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកចិត្តនៃការចែករំលែករបស់ឧកញ៉ា និងអ្នកឧកញ៉ា គឺមហាធំធេងណាស់។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយ ឃើញឧកញ៉ា និងអ្នកឧកញ៉ា ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ហើយថ្វាយថវិកា ដើម្បីព្រះមហាក្សត្របំពេញព្រះរាជសកម្មភាពមនុស្សធម៌។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្រូវការនៅមន្ទីរពេទ្យគន្ធបុប្ផាធំធេងណាស់ ដើម្បីជួយដល់កុមារ។ ហេតុនេះហើយទើបមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌រៃអង្គាសថវិកា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ កើតចេញក្នុងគណៈរដ្ឋមន្ត្រីពេលសម្តេចដឹកនាំរាជរដ្ឋាភិបាល ដូច្នេះសម្តេចត្រូវតែចេញការពារគម្រោងនេះ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអនុញ្ញាតឱ្យនរណាដុតកម្ពុជា ដើម្បីចំអិនពង់មាន់នោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវតែការពារជាតិរបស់សម្តេច។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវការគាំទ្រពីប្រជាពលរដ្ឋ ឱ្យក្លាយជាចលនាជាតិ ដើម្បីសម្រេចឱ្យចេញជារូបរាងព្រែកជីកហ្វូណន-តេជោ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូន ផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនត្រឹមតែធ្វើឱ្យរីកចម្រើននៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឱ្យទំនិញរបស់កម្ពុជា មិនបាច់ឆ្លងកាត់វៀតណាម មិនបាច់បង់ថ្លៃបន្ថែមពេលឆ្លងកាត់តាមប្រទេសវៀតណាម។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យកប៊ិចកត់ត្រាឱ្យច្បាស់នូវសម្តីរបស់សម្តេច ព្រែកជីកហ្វូណន-តេជោ បង្កើតឱ្យមានបណ្តាញដឹកជញ្ជូនប្រទះក្រឡាគ្នាទាំងផ្លូវទឹក និងផ្លូវគោក។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសង្ឃឹមថាមេដឹកនាំវៀតណាម នឹងយល់ពីអ្វីដែលសម្តេចបានលើកឡើងពេលនេះ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹកនៅខេត្តភាគនិរតីប្រទេស។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងជួយបង្កើនផលត្រី ហើយពលរដ្ឋក៏ទាញទឹកសម្រាប់ធ្វើវារីវប្បកម្ម (ចិញ្ចឹមត្រី ចិញ្ចឹមបង្កង បង្គា…)
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកម្ពុជាមិនអាចរកលុយបាន កម្ពុជានឹងប្រមូលលុយពីឧកញ៉ា និងអ្នកឧកញ៉ា ជីកព្រែកនេះឱ្យបាន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរសម្ភាសន៍ជាមួយវិទ្យុខ្មែរនៅបរទេស ដែលលើកឡើងផលប៉ះពាល់នានានោះ គឺជាប្រឆាំងនឹងប្រយោជន៍របស់ខ្មែរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមណាស់ ដែលសម្តេចដាក់ចេញនយោបាយកម្ចាត់ជនក្បត់ជាតិ៣ជំនាន់ ព្រោះជននេះ សូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ។
*សម្តេចតេជោ ហ៊ុន សែន សួរទៅអ្នកសិក្សាស្រាវជ្រាវវៀតណាម តើទឹក៧០ភាគរយបាត់ទៅណា? បើបាត់ទឹក គឺកម្ពុជា ជាអ្នកប៉ះពាល់មុនគេ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែមេដឹកនាំវៀតណាម មិននិយាយទៅពួកខាងក្រោម ទើបសម្តេចចេញមកនិយាយជាសាធារណៈប្រតិកម្មនឹងទស្សនៈនានាលើកឡើងដោយវៀតណាម។
*សម្តេចតេជោ ហ៊ុន សែន ស្រែកឡើងភ្លាត់សំឡេងថា កម្ពុជា មិនល្ងង់ជាងវៀតណាមនោះឡើយ។ ជាង ៤០ឆ្នាំមកនេះ សម្តេចមិនដែលសម្រេចចិត្តខុសនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គម្រោងវារីអគ្គីសនីសាយ៉ាបូរី ក៏ធ្លាប់ត្រូវបានគេជំទាស់ដែរ។
*សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រសាសន៍សម្តេចប្រាប់ទៅលោក ថងលុន ស៊ីសុលីត ថា វារីអគ្គិសនីនេះ ត្រូវគេជំទាស់ ព្រោះវិនិយោគដោយចិន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនរុញឱ្យប្រជាពលរដ្ឋស្អប់វៀតណាមនោះទេ តែខាងវៀតណាម ត្រូវធ្វើដូចគ្នា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វៀតណាម បានធ្វើទំនប់ច្រើនណាស់ ដើម្បីការពារផលដំណាំរបស់គេ ហើយបង្កជាផលប៉ះពាល់មកកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅវិទ្យាស្ថានកាន់ធើរបស់វៀតណាម សិក្សាពីផលប៉ះពាល់លើកម្ពុជា ព្រោះទំនប់ទឹករបស់វៀតណាម។
*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា វៀតណាម នឹងយល់ពីកិច្ចការសាងសង់ព្រែកជីកហ្វូណន-តេជោ។
*សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ធ្លាប់មានអ្នកទៅផ្លុំត្រចៀកវៀតណាម រឿងអភិវឌ្ឍកោះនរា។
*សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អត់មានការចរចាជាមួយវៀតណាម រឿងព្រែកជីកហ្វូណន-តេជោនោះឡើយ គឺនិយាយគ្នាត្រង់ៗតែម្តង។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាចោក្បត់ជាតិ សម រង្ស៉ី និយាយទាំងអស់ស្គាល់ភូមិសាស្ត្ររបស់ខ្មែរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាជនក្បត់ជាតិ សម រង្ស៉ី វាថាឯងអាយ៉ងវៀតណាម តែវាប្រឆាំងប្រយោជន៍ជាតិ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំវៀតណាម គួរយល់ថា ហេតុអ្វីបានសម្តេចលើកឡើងបញ្ហានេះ ជាសាធារណៈបែបនេះ?
*សម្តេចតេជោ ហ៊ុន សែន បានថ្លែអថា ពេលនេះវៀតណាម ចេញមកប្រឆាំងគម្រោងព្រែកជីករបស់កម្ពុជា ដូច្នេះសម្តេចត្រូវតែចេញតំណាងឱ្យជាតិខ្មែរទាំងមូល ក្នុងការការពារប្រយោជន៍ខ្មែរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើចង់ស្ងប់ស្ងាត់ វៀតណាម ត្រូវតែស្ងាត់។
*សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅវៀតណាមថា ត្រូវទទួលផលប្រយោជន៍របស់កម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាការពារប្រយោជន៍ជាតិ ហើយប្រឆាំងនឹងជនដែលប្រឆាំងប្រយោជន៍ជាតិ។
*សម្តេចតេជោ ហ៊ុន សែន ទូន្មានទៅប្រទេសមួយចំនួន ឱ្យបញ្ឈប់ការប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ទំនិញរបស់កម្ពុជាចេញពីទន្លេមេគង្គមិនរួចទេ បើវៀតណាមមិនសប្បាយចិត្ត។
*សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែររួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បំណុលរបស់សម្តេចក្នុងបុព្វហេតុជាតិរយៈពេល ៥៣ឆ្នាំ ត្រូវបានបញ្ចប់ហើយ ក្រោយបញ្ចប់ការងារជានាយករដ្ឋមន្ត្រី។
*សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៨៖១៤នាទី នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤, ៕

អត្ថបទដែលជាប់ទាក់ទង