យុវជនម្នាក់ បានស្លាប់ ក្រោយពីបានបញ្ជូនទៅមន្ទីរពេទ្យ ករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងនៅ យប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវចោមចៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដំបូងឡើយគាត់ឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឃ្លីកបើកតាមបណ្ដោយផ្លូវចោមចៅក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនបានវ៉ាជែងនឹងម៉ូតូជាច្រើនគ្រឿងហើយក៏ចាប់ហ្វ្រាំងបណ្ដាលឱ្យដួលដែលស្របពេលនោះក៏មានរថយន្តធុនធំបើកមកពីក្រោយបុកនិងអូសជាច្រើនម៉ែត្របណ្ដាលឱ្យស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ដែន កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ស្នាក់នៅម្តុំចំការដូង មានស្រុកកំណើតនៅភូមិទួលព្រហ្ម២ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបងជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ផ្លាក លេខបាត់ដំបង1AE-8086ជិះតែម្នាក់ឯង។ ចំណែកឯរថយន្តធុនធំ ហៅរថយន្តភ្លៅ៣ ក្បាលពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ3A-3598 និងកន្ទុយខាងក្រោយពាក់ផ្លាកលេខ ភ្នំពេញ4A-2835 អ្នកបើកបរត្រូវបានឃាត់ខ្លួន។
ឃាត់ខ្លួនអ្នកបើករថយន្តយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ដើម្បីបន្តតាមនីតិវិធី។ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលរាជធានីភ្នំពេញ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពឲ្យសាច់ញាតិដឹកទៅស្រុក កំណើតធ្វើបុណ្យតាមប្រពៃណី៕