រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្ត រាប់បាត្រព្រះសង្ឃ ចំនួន ៧៥ អង្គ ក្នុងន័យចូលរួម អបអរសាទរ ទេវតាឆ្នាំថ្មី

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្ត រាប់បាត្រព្រះសង្ឃ ចំនួន ៧៥ អង្គ ក្នុងន័យចូលរួម អបអរសាទរ ទេវតាឆ្នាំថ្មី


ភ្នំពេញ៖ ពិធីនេះ បានធ្វើឡើងក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅសាលា រាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ ៨ រោជ ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤មេសា ឆ្នាំ២០២៣ នេះ បានរៀបចំពិធីសូត្រមន្ត រាប់បាត្រព្រះសង្ឃ ចំនួន ៧៥ អង្គ ក្នុងន័យចូលរួម អបអរសាទរ ទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី ជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រង ភពផែនដី ជំនួសទេវតាឆ្នាំចាស់ នៅល្ងាចថ្ងៃទី១៤ មេសា ដដែរនេះ ។
ពិធីនេះ ក៏បានបង្ហាញឲ្យឃើញ ពីការគោរពប្រតិបត្តិ ប្រពៃណី ទំនៀមទំលាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃឧបទ្រុប ផងទាំងពួង ដែលកើតមានកាលពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចជារួមចំណែកថែរក្សាប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់ របស់ខ្មែរយើង ។
នេះជាឆ្នាំទី២ នៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាស្ថាប័ននានា និងបងប្អូនប្រជាពលរដ្ឋក្រោយពីអាក់ខាន មិនបានរៀបចំ ពិធីនេះ អស់រយៈពេល ២ ឆ្នាំ ដោយសារការរីករាលដាល នៃជំងឺកូវីដ–១៩។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យធ្វើពិធី និងមានការជួបជុំកំសាន្តសប្បាយ ជាធម្មតាឡើងវិញ។
ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នេះដែរ រដ្ឋបាល រាជធានីភ្នំពេញ បានប្រកាសជូនដំណឹង ពីការប្រារព្ធកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ៣ ថ្ងៃ ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មី ប្រពៃណីជាតិ នេះដែរ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជូនដំណឹងពីការហាមឃាត់ មិនអនុញ្ញាតឲ្យលេងល្បែង ដែលមិនមែនជាប្រពៃណីវប្បធម៌ជាតិ ប្រកាន់ខ្ជាប់ សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គិភ័យ បើកបរគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរ កុំពិសាគ្រឿងស្រវឹងជាដើម។
សូមបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលកាន់ ព្រះពុទ្ធសាសនា ដូច្នេះហើយ សេចក្តីសប្បាយរីករាយនេះ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងមហាកុសលផ្សេងៗទៀត ដើម្បីធ្វើឲ្យបុណ្យចូលឆ្នាំថ្មី កាន់តែមានអត្ថន័យ និងជាប្រយោជន៍ធំធេង សម្រាប់ ពលរដ្ឋខែ្មរ ដូចជាស្រោចទឹក ខមាទោស សម្តែងនូវកតញ្ញូចំពោះដូនតា ឪពុកម្តាយ ពិធីស្រង់ព្រះពុទ្ធបដិមា បង្សុកូល រំលឹកដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឬសាច់ញាតិ និងកម្មវិធីផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងសាសនាជាដើម៕

អត្ថបទដែលជាប់ទាក់ទង