ប្ដីនិងប្រពន្ធ បានស្លាប់ទាំងពីរនាក់ នៅនឹងកន្លែងកើតហេតុ រវាងឡាននិងម៉ូតូ បុកគ្នា បណ្ដាលឱ្យប្ដី ខ្ទាតផ្លោងបោកនឹងថ្នល់ រីឯប្រពន្ធ ត្រូវឡានកិនអូសលើផ្លូវ ចម្ងាយជាច្រើនម៉ែត្រ
ភ្នំពេញៈ កាលពី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ នៅលើកំណាត់ផ្លូវជាតិលេខ ៦A ត្រង់ចន្លោះស្ពានទី១០ – ១១ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះ ជាប្រពន្ធ មានឈ្មោះ ភួង ស្រីយ័ន អាយុ ៤៨ ឆ្នាំ រីឯបុរសរងគ្រោះ ជាប្តី មានឈ្មោះ អន អន់ អាយុ ៤៩ ឆ្នាំ។ ជនរងគ្រោះទាំងពីរ ស្នាក់នៅភូមិព្រៃថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
មុនពេលកើតហេតុ បុរសជាប្តី ធ្វើដំណើរពី ស្រុកចំការលើ តាមផ្លូវជាតិលេខ ៦A ឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីទៅយកប្រពន្ធ ទៅរស់នៅជាមួយ នៅឯចម្ការ ក្នុងស្រុកចំការលើ ។ បន្ទាប់ពីទៅយកប្រពន្ធរួចហើយ បុរសរងគ្រោះ ក៏បានជិះម៉ូតូ ត្រឡប់ទៅចម្ការវិញ ជាមួយប្រពន្ធ តែទើបបានពាក់កណ្ដាលផ្លូវ (ចំណុចកើតហេតុ) ក៏ត្រូវបានរថយន្តបង្កខាងលើ បើកបុក ឆក់យកអាយុជីវិតប្តីប្រពន្ធ ទាំងពីរនាក់ ដ៏រន្ធត់យ៉ាងខ្លាំង។
នៅមុនពេល កើតហេតុ គេបានឃើញ បុរសស្ត្រី ពីរនាក់ ជិះម៉ូតូម៉ាកហុងដា វ៉េវ (HONDA WAVE) ស៊េរីចាស់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-618៣ ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៦A ក្នុងទិសដៅពីខាងលិច ទៅខាងកើត លុះពេលធ្វើដំណើរមកដល់ ត្រង់ចំណុចកើតហេតុ ខាងលើ ក៏ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាកម៊ែរសឺដេសបែន (MERCEDES BENZ G500) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កម្ពុជា HL.800 បើកដោយបុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ ទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកចំពីក្រោយម៉ូតូ ពេញទំហឹង បណ្តាលឲ្យខ្ទាតបុរសជាប្ដី ចេញពីម៉ូតូ ផ្លោងទៅបុកបង្គោលបន្ទះសូឡា ធ្លាក់ចុះមកក្រោមបាក់ ក (ស្លាប់) ភ្លាមៗ ចំណែកឯស្ត្រី ជាប្រពន្ធ ត្រូវបានរថយន្តកិនអូស ប្រមាណជា ៣០ ម៉ែត្រ បណ្ដាលឱ្យស្លាប់ ហើយរថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកពីក្រោយរថយន្ត ម៉ាក Hyundai ប្រភេទដឹកទំនិញធុនធំ ចំនួន ពីរគ្រឿង ដែលចតសម្រាកលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ ហើយចុងក្រោយ រថយន្តបង្ក MERCEDES BENZ G500 បានខ្ទាតបោកផ្ទប់នឹងជញ្ជាំងស័ង្កសី រងការខូចខាត រួញខ្ទេចមួយកំណាត់មុខ ស្ទើរទាំងស្រុង ចំណែកបុរសម្នាក់ ជាអ្នកបើកបររថយន្តបង្ក បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ដឹកបញ្ជូនទៅសង្គ្រោះ បន្ទាន់ភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារ សាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកឯមធ្យោបាយពាក់ព័ន្ធ មានរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ ចុះទៅវាស់វែង រួចស្ទូចយកទៅ រក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយ៕