ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបជាមួយអគ្គមេបញ្ជាការ នៃកងកម្លាំងស័្វយការពារជប៉ុន
ភ្នំពេញ: កាលពីថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ YAMAZAKI Koji អគ្គមេបញ្ជាការនៃកងកម្លាំងស័្វយការពារជប៉ុន នៅទីស្តីការក្រសួងការពារជាតិជប៉ុន ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ YAMAZAKI Koji អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបពិភាក្សារវាង ឯកឧត្តម និង ឯកឧត្តម មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលទើបបានបញ្ចប់ទៅនាព្រឹកថ្ងៃដដែល និងបានរំលឹកអំពីការចូលរួមចំណែកមិនអាចខ្វះបានរបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុននៅក្នុងដំណើរការសន្តិភាព និងដំណើរការស្តារកសាង និងអភិវឌ្ឍកម្ពុជាតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ក៏ដូចជាបន្តទៅអនាគត។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា មកកាន់ប្រទេសជប៉ុន ស្របពេលដែលក្នុងឆ្នាំ២០២២នេះ ប្រទេសទាំងពីរកំពុងប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ហើយក៏កំពុងត្រៀមរៀបចំការប្រារព្ធខួបទី៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះផងដែរ។
ទាំងនេះ គឺជាការបង្ហាញយ៉ាងច្បាស់អំពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ ហើយដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។
មុននឹងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់អំពីជំហររបស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ជាពិសេសការគាំទ្រចំពោះការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ឱ្យមានកម្រិតខ្ពស់ឡើងថែមទៀត៕