ថ្ងៃទី១០ ដល់១៣ ខែកុម្ភៈ នេះ នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េ
(ភ្នំពេញ) ៖ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស នៅយប់ថ្ងៃអង្គារទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចតេជោនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ជាមួយលោកស្រីបណ្ឌិត ហាក់ ចាហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល (UPF) និងលោកបាន គី-មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។ ក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្ដីសង្ឃឹមក្នុងការបង្រួបបង្រួម[ឧបទ្វីបកូរ៉េ]ប្រកបដោយសន្តិវិធី។
អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងដំណើរទស្សនកិច្ច រួមមាន៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាមួយចំនួនទៀត។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងមានជំនួបជាមួយលោក មូន ចេ-អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួមគ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងទទួលជំនួបសម្តែងការគួរសមពីសំណាក់ លោក បាន គី-មូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិផងដែរ។ សម្តេចតេជោរំពឹងថា នឹងមានជំនួបជាមួយប្រមុខរដ្ឋរដ្ឋាភិបាលនៃប្រទេសមួយចំនួន ក៏ដូចជាទទួលសាវនាការពីសំណាក់ឥស្សរជននយោបាយ និងធុរជនផ្សេងទៀត។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១២កុម្ភៈ កិច្ចប្រជុំកំពូលក៏នឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាព[ស៊ុនហាក់លើកទី៥]ជូនដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកដល់ការកសាងស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងនៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូល…៕