ដឹងការពិតហើយ! ព្រោះតែគំនុំរឿងស្នេហាត្រីកោណ បុរស២នាក់ ដែលជាបងប្អូនបង្កើត បាននាំគ្នាទៅលួចដុតផ្ទះ គូសត្រូវស្នេហា បណ្ដាលឱ្យឆេះខ្ទេច

ខេត្តព្រៃវែង ៖ ព្រោះតែគំនុំរឿងស្នេហាត្រីកោណ បុរស២នាក់ដែលជាបងប្អូនបង្កើត បាននាំគ្នាទៅលួចដុតផ្ទះ គូសត្រូវស្នេហា បណ្ដាលឱ្យឆេះខ្ទេច នៅក្នុងភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នៅយប់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២២ ។ ជនសង្ស័យត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ស្រុកពារាំង ស្រាវជ្រាវចាប់ខ្លួនបាន ដោយប្រើរយៈពេលមិនដល់១ថ្ងៃ ក្រោយពេលកើតហេតុ។
ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនកាលពីទី៨ កុម្ភៈ ឆ្នាំ២០២២ ក្នុងនោះម្នាក់ឈ្មោះ ថន ប៉េ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិខ្សុំត្បូង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ ថន ច្រឹង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិឃុំជាមួយគ្នា ។
ដោយឡែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ គង់ សេរី ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
សារភាពពីជនសង្ស័យ បាននិយាយថា មូលហេតុដែលរូបគេនិងប្អូនប្រុស នាំគ្នាមកលួចដុតផ្ទះជនរងគ្រោះ គឺដោយសារខឹងនិងកូនប្រុសម្ចាស់ផ្ទះបានលួចទាក់ទងប្រពន្ធខ្លួន ហើយបានពង្រត់ប្រពន្ធខ្លួន ទៅរស់នៅជាមួយគ្នា ចោលប្តីនិងកូនប្រុសជាង1ឆ្នាំកន្លងមកហើយ។
កន្លងមក រូបគេធ្លាប់បានបោះសម្ដីថា ថ្ងៃណាមួយខ្លួននិងដុតផ្ទះជនរងគ្រោះចោល ដើម្បីរំសាយកំហឹង លុះមកដល់វេលាម៉ោងកើតហេតុខាងលើ រូបគេក៏នាំប្អូនប្រុសមកលួ.ចដុ.តមែន បណ្តាលឱ្យផ្ទះ១ខ្នង.ទំហំ៦ម៉ែត្រគុណនឹង៩ម៉ែត្រ សង់អំពីឈើប្រក់ក្បឿងត្រូវភ្លើងឆេះខូចខាតអស់ទាំងស្រុង និងបាត់បង់ទ្រព្យសម្បត្តិអស់ប្រមាណជា១៣.០០០ដុល្លារ ។
សមត្ថកិច្ចបានស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង