ឃាតកម្ម! តាមចាប់ឃាតករ ករណីសម្លាប់មនុស្សម្នាក់ នៅក្នុងដីចំការមួយកន្លែង
ស្ទឹងត្រែងៈ នេះបើតាមសមត្ថកិច្ចខេត្តស្ទឹងត្រែងបានឲ្យដឹង នៅថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២២នេះ កម្លាំងជំនាញកំពុងកំណត់មុខសញ្ញាតាមចាប់ឃាតករករណីសម្លាប់មនុស្សម្នាក់នៅក្នុងដីចំការមួយកន្លែងដែលស្ថិតនៅភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
សាក្សីបានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បុរសរងគ្រោះឈ្មោះ ឌៀម ចិន្តា ហៅឡង់ អាយុ៣១ឆ្នាំ បានបាត់ខ្លួន ហើយសាច់ញាតិក៏បានតាមរកតែរកមិនឃើញ។ លុះមកដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ទើបសមត្ថកិច្ចទទួលបានព័ត៌មានថាមនុស្សដែលបាត់ខ្លួនបានរកឃើញស្លាប់ដោយមានសភាពហើមទៅហើយ ហើយសាច់ញាតិបានរកឃើញម៉ូតូ និងស្បែកជើងមួយគូ សំលៀកបំពាក់នៅចំណុចប្រឡាយខ្លុងក្នុងភូមិឆ្វាំងឃុំសំអាង។ សពជនរងគ្រោះបានរកឃើញនៅក្នុងដីចម្ការមិនឆ្ងាយប៉ុន្មានពីកន្លែងម៉ូតូដែលជនរងគ្រោះជិះទុកចោល។ ក្រោយកម្លាំងសមត្ថកិច្ចទៅពិនិត្យកន្លែងកើតហេតុដោយមានការចូលរួមពីសមត្ថកិច្ចខេត្តស្រុកនិងមន្ត្រីសុខាភិបាល ទើបសន្និដ្ឋានថាបុរសនោះស្លាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម។ កម្លាំងសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីតាមចាប់ខ្លួនជនដៃដល់ក្នុងអំពើឃាតកម្មនេះយកមកផ្តន្ទាទោសតាមច្បាប់៕