យោធាអាមេរិក បង្កើនសមត្ថភាពនៅមជ្ឈិមបូព៌ា ក្នុងពេលមានជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់
នាវាផ្ទុកយន្តហោះ USS Nimitz បានចាកចេញពីអាស៊ីអាគ្នេយ៍ កាលពីថ្ងៃចន្ទ ទី១៦ មិថុនា បន្ទាប់ពីបានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ខណៈមន្ទីរបញ្ចកោណបានប្រកាសថាខ្លួនកំពុងបញ្ជូនយោធាដើម្បីបង្កើន «សមត្ថភាពបន្ថែមទៀត» ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងពេលមានជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែល កាន់តែរីកធំ។
នៅម៉ោង ១:៤៥នាទីយប់ម៉ោងក្នុងស្រុក (ម៉ោង៩:៤៥នាទីយប់ ម៉ោងនៅប្រទេសសិង្ហបុរី) នាវាផ្ទុកយន្តហោះបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Malacca ឆ្ពោះទៅមហាសមុទ្រឥណ្ឌា នេះបើយោងតាមចរាចរណ៍ផ្លូវសមុទ្រ ជាគេហទំព័រតាមដាននាវា។ មន្ត្រីរដ្ឋាភិបាលវៀតណាម បានបញ្ជាក់ប្រាប់សារព័រត៌មាន AFP ថា ពិធីរៀបចំទទួលដែលបានគ្រោងទុកសម្រាប់នាវា USS Nimitz នៅថ្ងៃទី២០ ខែមិថុនា ជាផ្នែកនៃដំណើរទស្សនកិច្ចរបស់នាវាដែលរំពឹងទុកនៅថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី២៣ខែមិថុនា ទៅកាន់ទីក្រុង Danang ត្រូវបានលុបចោល។
មន្ត្រីរូបនេះ បានចែករំលែកលិខិតមួយច្បាប់ពីស្ថានទូតអាមេរិកដែលបានប្រកាសថាក្រសួងការពារជាតិបានលុបចោលព្រឹត្តិការណ៍នេះដោយសារតែ «តម្រូវការប្រតិបត្តិការបន្ទាន់»។
ប៉ុន្មានម៉ោងក្រោយពីលិខិតរបស់ស្ថានទូតអាមេរិក រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានប្រកាសថា សហរដ្ឋអាមេរិកកំពុងពង្រឹងវត្តមានយោធារបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ាក្នុងការបង្កើន «ជំហរការពារ»។ យោងតាមអាជ្ញាធរអ៊ីរ៉ង់បានឲ្យដឹងថា រហូតមកដល់ពេលនេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ជាង២២០នាក់ រួមទាំងមេបញ្ជាការយោធាជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។ ក្នុងការសងសឹកវិញ អ៊ីរ៉ង់បាននិយាយថា ខ្លួនបានវាយប្រហារអ៊ីស្រាអែលដោយការបាញ់ស្រោចមីស៊ីល និងបានព្រមានអំពី «ប្រតិបត្តិការដោយប្រសិទ្ធភាព ដាក់គោលដៅ និងដ៏មហន្តរាយបន្ថែមទៀត» នៅពេលខាងមុខ ៕