ប្រភព ៖ អ៊ីរ៉ង់ ស្វែងរកសម្ពាធពីអាមេរិកដាក់លើអ៊ីស្រាអែល សម្រាប់បទឈប់បាញ់តាមរយៈបណ្តារដ្ឋឈូងសមុទ្រ

ទីក្រុងតេអេរ៉ង់ បានស្នើឱ្យប្រទេសកាតា អារ៉ាប៊ីសាអ៊ូឌីត និងអូម៉ង់ ជំរុញប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យប្រើឥទ្ធិពលរបស់លោកលើអ៊ីស្រាអែល ដើម្បីយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ជាមួយអ៊ីរ៉ង់ ជាថ្នូរនឹងភាពបត់បែនរបស់អ៊ីរ៉ង់ ក្នុងការចរចានុយក្លេអ៊ែរ នេះបើតាមប្រភពចំនួនពីររបស់អ៊ីរ៉ង់ និងតំបន់បី បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
បណ្ដាមេដឹកនាំឈូងសមុទ្រ និងប្រមុខការទូតរបស់ខ្លួន បានធ្វើការតាមទូរស័ព្ទកាលពីចុងសប្តាហ៍ នេះ ដោយនិយាយគ្នាទៅវិញទៅមកទៅកាន់ទីក្រុងតេអេរ៉ង់ វ៉ាស៊ីនតោន និងលើសពីនេះទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃការប្រឈមដាក់គ្នាដ៏ធំបំផុតមិនធ្លាប់មានរវាងសត្រូវ យូរអង្វែងដ៏ជូរចត់អ៊ីស្រាអែល និងអ៊ីរ៉ង់។
ប្រភពមួយរបស់អ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់មានឆន្ទៈបត់បែនក្នុងការចរចានុយក្លេអ៊ែរប្រសិនបើមានបទឈប់បាញ់ត្រូវសម្រេចបាន។
ប្រភពមួយពីរដ្ឋឈូងសមុទ្រ ដែលស្និទ្ធនឹងក្រុមមន្ត្រីរដ្ឋាភិបាលបានប្រាប់សារព័ត៌មាន Reuters ថា បណ្ដារដ្ឋឈូងសមុទ្រមានការបារម្ភយ៉ាងខ្លាំងថាជម្លោះនោះនឹងរីករាលដាលខ្លាំងគ្រប់គ្រងលែងបាន។
ប្រភពខាលើបាននិយាយទៀតថា ប្រទេសកាតា អូម៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោន ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យយល់ព្រមលើបទឈប់បាញ់ និងបន្តការពិភាក្សាជាមួយទីក្រុងតេអេរ៉ង់ ឆ្ពោះទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ការវាយប្រហាររបស់អ៊ីស្រាអែល បានចំស្ថានីយទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ១៦ មិថុនា ខណៈប្រមុខឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានបង្ហាញពីការខូចខាតយ៉ាងច្រើននៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដ៏ធំបំផុតរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បាននិយាយថា ប្រជាជនអ៊ីរ៉ង់២២៤នាក់បានស្លាប់ ភាគច្រើនជាជនស៊ីវិល ចំណែកអ៊ីស្រាអែលនិយាយថា មនុស្ស២៤នាក់បានស្លាប់ ដែលសុទ្ធសឹងជាជនស៊ីវិល៕

អត្ថបទដែលជាប់ទាក់ទង