គ.ជ.អ.អ បើកកិច្ចប្រជុំលើកដំបូងដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) បានបើកកិច្ចប្រជុំជាលើកដំបូង ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) នៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.អ., ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.អ.អ, ព្រមទាំងស្ថាប័នពាក់ព័ន្ធនានាសរុបចំនួនជាង១០០នាក់ ស្ថិតនៅទីស្តីការក្រសួងទេសចរណ៍។
នៅកិច្ចប្រជុំ ឯកឧត្តម ហួត ហាក់ បានថ្លែងថា កម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ តាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership) ដោយលើកទឹកចិត្តការវិនិយោគ តម្រូវឱ្យមានការចូលរួមពីប្រជាជនមូលដ្ឋាន, ការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍, ការផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន ព្រមទាំងការគោរពគោលការណ៍ចីរភាព និងទទួលខុសត្រូវ។
គួរបញ្ជាក់ដែរថា នៅឆ្នាំ២០២៥នេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានដាក់ចេញទិសដៅការងារអាទិភាពសម្រាប់អនុវត្តដូចជា៖បន្តជំរុញការអនុវត្ត«គោលនយោបាយជាតិអេកូទេសចរណ៍២០១៩-២០៣០»។ បន្តជំរុញការអនុវត្តស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន ស្តង់ដាទេសចរណ៍កម្ពុជា និងស្តង់ដាពាក់ព័ន្ធទាំងកម្រិតអាស៊ាន និងកម្ពុជា ព្រមទាំងការងារទិអាទិភាពសំខាន់ៗជាច្រើនទៀត ៕