អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពនៅថ្មដាព្រំដែនកម្ពុជា-ថៃ និងត្រៀមកម្លាំងជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋ ក្នុងករណីចាំបាច់
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង នៅឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាតប្រទេសថៃ និងបានដឹកនាំរៀបចំកម្លាំង និងរថយន្តត្រៀមជម្លៀសប្រជាពលរដ្ឋនៅតាមព្រំដែនទៅកាន់ទីតាំងមានសុវត្ថិភាពក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងដោយយថាហេតុ។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ដោយគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តពោធិ៍សាត់កម្លាំងជួរមុខបានត្រៀមលក្ខណៈជាស្រេចក្នុងការការពារបូរណភាពទឹកដី ហើយអាជ្ញាធរខេត្តបានត្រៀមកម្លាំង និងរថយន្តប្រមាណ១៧០គ្រឿងរួចរាល់ក្នុងការជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋប្រមាណ ៣០០០នាក់ ដែលស្មើរ និង៨០០គ្រួសារ ក្នុងករណីចាំបាច់ ឯកឧត្ដមបានបន្ថែមថា ចំពោះចរន្តអគ្គីសនី ប្រព័ន្ធអ៊ីនធឺរណែត ក្នុងស្រុកវាលវែង ពុំមានតភ្ជាប់ពីប្រទេសថៃទេ គឺប្រើប្រភពក្នុងខេត្តទាំងអស់។
សូមជម្រាបជូនដែរថា ខេត្តពោធិ៍សាត់មាន៧ក្រុងស្រុកក្នុងនោះមានតែស្រុកវាលវែងដែលមានព្រំប្រទល់ជាមួយខេត្តត្រាតប្រទេសថៃ ដោយភ្ជាប់មកទីរួមខេត្ត តាមរយៈផ្លូវជាតិលេខ៥៥ ដែលមានចម្ងាយជិត២០០គីឡូម៉ែត្រស្រុកវាលវែងមានឃុំចំនួន៥ មានគម្រោងវារីអគ្គិសនីចំនួន២ គឺគម្រោងវារីអគ្គិសនីអាតៃ អនុភាព១២០មេហ្គាវ៉ាត់ស្ថិតក្នុងឃុំអូរសោមកំពុងដំណើរការ និងគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំប្រម៉ោយ កំពុងដំណើរការសាងសង់ គ្រោងដាក់អោយដំណើរការនៅឆ្នាំ២០២៦៕