គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយខ្លួនឯង ដោយរថយន្តមួយគ្រឿង បើកធ្លាក់ពីលើផ្លូវជាតិជ្រុលទៅបុកផ្ទាំងថ្ម បង្កទៅជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ អ្នកបើកស្លាប់បាត់បង់ជីវិត នៅក្នុងរថយន្ត
ឧត្តរមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយខ្លួនឯង ដោយរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX300 ពាក់ស្លាកលេខភ្នំពេញ ២O ៩២០៧ បើកបរធ្លាក់ពីលើផ្លូវជាតិជ្រុលទៅបុ.កផ្ទាំងថ្ម បង្កទៅជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ អ្នកបើកបរស្លា.ប់បាត់បង់ជីវិត នៅក្នុងរថយន្តយ៉ាងអាណោចអាធម៌ នៅ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ នៅមិនស្គាល់ពីអត្តសញ្ញាណនៅឡើយទេ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែលបានកើតឡើង នៅលើផ្លូវជាតិលេខ៦៨ ផ្លូវចុះចំណោទពីលើភ្នំដងរែក ស្ថិតនៅត្រង់ចំណុចួតចំប៉ីក្នុងភូមិរួតចំប៉ី សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីចុងសប្តាហ៌ វេលាម៉ោង៥ជាងទៀបភ្លឺ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ។
ក្រោយពេលដែលគាត់ចេញពីផ្ទះធ្វើដំណើរឡើងទៅ ច្រកអន្តរជាតិអូស្មាច់ ក៏បានប្រទះឃើញរថយន្តកំពុងតែមានភ្លើងឆេះក្នុងឡានហ៊ុយផ្សែងទ្រលោម ហើយខណៈនោះគាត់ក៏បានឈប់មើល ហើយបានហៅអ្នកភូមិក្បែរខាងឲ្យចេញមកជួយយកទឹកពន្លត់អគ្គិភ័យ និងបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយពន្លត់ តែជាអកុសលភ្លើងឆេះកាន់តែខ្លាំង គឺមិនអាចជួយបានក៏ត្រូវស្លា.ប់តៃកុងនៅក្នុងឡាននៅសេសសល់គ្រងឆ្អឹងដូចធ្យូងមើលសា.កស.ពពុំឃើញច្បាស់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ លោកវរសេនីយ៍ឯកហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានបញ្ជាក់យ៉ាងខ្លីថា ចំពោះករណីនេះ បង្កឲ្យស្លា.ប់ដោយខ្លួនឯង តាមការសន្និដ្ធានជាបឋមទំនង តៃកុងឡានខាងលើ បើកលឿនចុះពីលើភ្នំមិនប្រុងប្រយ័ត្នធ្លាក់ផ្លូវបុ.កដុំថ្ម ហើយហ្នឹងតាមការពិនិត្យជាក់ស្ដែងរបស់កម្លាំង ជំនាញឃើញថា ឡានបែកកង់ក៏បានរេចង្កូតធ្លាក់ផ្លូវចូលទៅស្នាមភ្លោះ និងបានឆាបឆេះរថយន្តតែម្ដង ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៌ ស្ថិតនៅត្រង់ចំណុចខាងលើនេះ ក្រុមការងារព័ត៌មានមិនអាចសុំការឆ្លើយតប ហើយសមត្ថកិច្ចក៏មិនទាន់បានបញ្ជាក់ឲ្យច្បាស់អំពីអត្តសញ្ញាណនៅឡើយទេ ចំពោះការស្លា.ប់អ្នកនៅក្នុងឡាននោះ ដោយជាក់ស្តែង ក្រោយកើតហេតុ រួចសមត្ថកិច្ចបានយកខ្សែមកហ៊ុមព័ន្ធ ដើម្បីពិនិត្យធ្វើកោសល្យវិច្ច័យនៅឡើយ ។
សមត្ថកិច្ច បានបានយករថយន្តនោះមករក្សាទុកនៅកន្លែងសមត្ថកិច្ចសិន ដើម្បីរង់ចាំស្រាវជ្រាវស្វែងរកសាច់ញាតិជនរងគ្រោះ ពីព្រោះថា រថយន្តបានឆេះខ្លោចអស់រលីងតែម្ដង ហើយអត្តសញ្ញាណក៏យើងមិនទាន់អាចដឹងច្បាស់ថា ជាពលរដ្ឋរស់នៅភូមិឃុំស្រុកខេត្តណាដែរ គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះផងដែរ ៕