គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះព្យាបាលជំងឺ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនពលរដ្ឋ ចំនួន៣ស្រុក ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជំងឺ ផ្តល់ឱសថ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម នៅតំបន់ដាច់ស្រយាល ក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ឆ្នាំង។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ហ៊ុន ម៉ានី និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៨២នាក់ ស្រី៣១នាក់ ចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ព្រមទាំងពិនិត្យ ព្យាបាលជំងឺ ចែកឱសថ ទឹកសុទ្ធ នំបុ័ង និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម នៅឃុំឈានឡើង និងឃុំក្រាំងល្វា ក្នុងស្រុកសាមគ្គីមានជ័យ, ឃុំត្រពាំងចាន់ និងឃុំពន្លៃ ក្នុងស្រុកបរិបូណ៍, ឃុំភ្នំក្រាំងដីមាស និងឃុំស្វាយជ្រុំ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចំនួន៣៩៣៣នាក់ ស្រ្តីមានចំនួន ២៨០៤នាក់។ ព្រមទាំងនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងក្រុមការងារផងដែរ។
ឯកឧត្តម បានបន្តថា ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពីស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភពមានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

នាឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ឆ្នាំង រួមទាំងយុវជនស.ស.យ.ក ខេត្ត និងបងប្អូនប្រជាពលរដ្ឋ បានកោតសរសើរ និងសូមគោរពថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រី្ត ជានីតិបុគ្គលនៃក្រុមគ្រួសារស.ស.យ.ក. ដែលជាបេះដូងប្រជាពលរដ្ឋ បានចំណាយកម្លាំងកាយ ចិត្ត សម្ភារៈ ថវិកា និងពេលវេលា មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយសម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់៨ មិថុនា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកា ចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន២៨ សាខា (ក្នុងនោះមានចំនួន២៥រាជធានី- ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃបានចំនួន២១៥៨លើក មានប្រជាពលរដ្ឋចូលរួមចំនួន១៣.៣២៨.៩៣៧នាក់ (ដប់បីលាន សាមសិបពីរម៉ឺនប្រាំបីពាន់ ប្រាំបួនរយសាមសិបប្រាំពីរ នាក់) ក្នុងនោះស្ត្រីមានចំនួន៦.៨៣៩.១៦៤នាក់ (ប្រាំមួយលាន ប៉ែតសិបបីម៉ឺនប្រាំបួនពាន់ មួយរយហុកសិបបួន នាក់) គិតត្រឹម ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៥ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧.៥៧៧.៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៦.៤៤៦.៨៥០ដុល្លារ (ប្រាំមួយរយហុកសិបប្រាំមួយលាន សែសិបបួនម៉ឺនប្រាំមួយពាន់ ប្រាំបីរយហាសិប ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង