ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះទស្សនកិច្ចនៅប៉ុស្តិ៍ប៉ូលីស ស៊ីនអ៊ូ ផ្លូវធានសាន ក្នុងស្រុកស៊ីងសាន ក្រុងអ៊ូស៊ី

(ចិន)៖ទីក្រុងអ៊ូស៊ី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះទស្សនកិច្ចនៅប៉ុស្តិ៍ប៉ូលីស ស៊ីនអ៊ូ ផ្លូវធានសាន ក្នុងស្រុកស៊ីងសាន ក្រុងអ៊ូស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ដំណើរទស្សនកិច្ចនេះផ្តោតលើការស្វែងយល់អំពីការប្រើប្រាស់ឧបករណ៍ទំនើបៗ និងយុទ្ធសាស្ត្រដែលប្រើក្នុងស្ថានភាពផ្សេងៗ រួមទាំងការឆ្លើយតបការប្រយុទ្ធ ប្រតិបត្តិការជួយសង្គ្រោះទាំងនៅលើគោក និងក្នុងទឹក និងការគ្រប់គ្រងសុវត្ថិភាព សន្តិសុខសាធារណៈ រួមទាំងការដោះស្រាយវិវាទផ្សេងៗផងដែរ។
ជាមួយគ្នាផងដែរគណៈប្រតិភូទាំងអស់មានការចាប់អារម្មណ៍ជាពិសេសចំពោះការប្រើប្រាស់បច្ចេកវិទ្យា Drone ដោយស្វ័យប្រវត្តិ ដើម្បីតាមដានស្ថានភាពចរាចរណ៍ និងបទល្មើសផ្សេងៗនៅតាមដងផ្លូវ និងអាគារ។ មន្ត្រីប៉ូលីសបានបង្ហាញពីរបៀបដែលDrone ត្រូវបានដាក់ពង្រាយតាមដងផ្លូវ ដែលមានការកកស្ទះចរាចរណ៍ ទីតាំងគ្រោះថ្នាក់ ទីតាំងដែលមានវិវាទ ឬមានជម្លោះ និងរបៀបដែលពួកគេអាចទាក់ទងជាមួយសាធារណជនដោយផ្ទាល់តាមរយៈការផ្សាយផ្ទាល់ពីយន្តហោះគ្មានមនុស្សបើក (Drone)។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងអរគុណចំពោះការចែករំលែកចំណេះដឹង ដោយកត់សម្គាល់ពីសក្តានុពលរបស់ឧបករណ៍ទំនើបៗ និងយុទ្ធសាស្ត្រដែលប្រើដោយប៉ូលីសក្នុងតំបន់អ៊ូស៊ី ជាពិសេសបច្ចេកវិទ្យា Drone ចំពោះការកែលម្អសុវត្ថិភាពសាធារណៈ សន្តិសុខសង្គម និងប្រព័ន្ធឆ្លើយតបគ្រោះអាសន្នប្រកបដោយភាពវៃឆ្លាត និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង