បង្ក្រាបខារ៉ាអូខេ ដាយមិនស្តារ លួចលាក់ធ្វើអាជីវកម្មផ្លូវភេទ រកឃើញនារីអនីតិជន១៤នាក់

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំងភោជនីយដ្ឋាន និងខារ៉ាអូខេ ដាយមិនស្តារ សាខាទី៥ទួលពង្រ លួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវញ្ចលើស្ត្រីនិងកុមារ រកឃើញអនីតិជន១៤នាក់។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

ប្រតិបត្តិការនេះធ្វើឡើង នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។
អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ប្រតិបត្តិការខាងលើនេះ ក៏មានការសម្របសម្រួលពី លោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែង នៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ ដាយមិនស្តារ (សាខាទី៥ទួលពង្រ) ដែលលួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវញ្ចលើស្ត្រីនិងកុមារ ស្ថិតនៅក្បាលដី៥៧៦ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្ការត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឆែកឆេរនៅចំពោះមុខតំណាងម្ចាស់ទីតាំង រកឃើញមនុស្សចំនួន១២១នាក់ (ស្រី១០៤នាក់ និងប្រុស១៧នាក់) ក្នុងនោះរកឃើញមានអនីតិជន១៤នាក់ នាំមកនាយកដ្ឋានដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង