មនុស្ស២នាក់ ត្រូវបានស្ថាប័នច្បាប់ខេត្តកំពង់ឆ្នាំងឃុំខ្លួន ក្រោយចូលឈូសយកដីគម្របព្រៃ ក្នុងតំបន់ភ្នំនាងកង្រី-ភ្នំទូកមាស

កំពង់ឆ្នាំង៖ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ជនត្រូវចោទ២នាក់ ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងធ្វើការចោទប្រកាន់ និងបញ្ជូនទៅចៅក្រមឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥រួចហើយ ក្រោយពួកគេបានលួចចូលឈូសយកដីគម្របព្រៃឈើក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំនាងកង្រី-ភ្នំទូកមាស នៅចំណុច៥៥ ស្ថិតក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អស់ទំហំ១,៤៣ហិកតា។
ឯកឧត្តមព្រះរាជអាជ្ញាបានបន្តថា ក្រោយពីឯកឧត្តម បានចុះពិនិត្យនៅទីតាំងប្រព្រឹត្តបទល្មើសឈូសទន្ទ្រានកាន់កាប់ដីព្រៃ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំនាងកង្រី-ភ្នំទូកមាស នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ តំណាងអយ្យការបានបញ្ជូនជនត្រូវចោទទាំង២នាក់នោះទៅជោក្រមក្រម ដើម្បីបន្តសម្រេចឃុំខ្លួនក្នុងពន្ធនាគារនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥។ ចំណែកត្រាក់ទ័រ១គ្រឿងរបស់ជនត្រូវចោទ បានដកហូត និងរក្សាទុកនៅស្នាក់ការឧទ្យានុរក្សស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ប្រចាំស្រុកកំពង់លែងបានអោយដឹងថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ជនត្រូវចោទឈ្មោះ កៃ កន ភេទប្រុស អាយុ ៤៦ឆ្នាំ (ជាម្ចាស់ត្រាក់ទ័រ) បានទទួលប្រាក់ឈ្នួលឈូសពីឈ្មោះ យុត ផល្លី ភេទស្រី អាយុ៣៩ឆ្នាំ ក្នុងតម្លៃ១០ម៉ឺនរៀលក្នុងការឈូសព្រៃនៅទីតាំងនោះរយៈពេល១ម៉ោង។ ឈ្មោះ កៃ កន បានប្រើប្រាស់ត្រាក់ទ័រ១គ្រឿង ម៉ាកគូបូតា កំលាំងM 60-40 ចូលឈូសព្រៃនៅចំណុចអាងក្រពើ ស្ថិក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមាននិយាមកា X472544 និងY1364217។ ក្រោយពីឈូសបានដីទំហំ១,៤៣ហិកតាហើយនោះ ក៏ត្រូវបានកម្លាំងឧទ្យានុរក្សស្រុកកំពង់លែង ឃាត់ខ្លួនតែម្តង។
យោងតាមសកម្មភាពខាងលើនេះ ការឈូសឆាយដីព្រៃយកមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានចែងក្នុងមាត្រា៨៥១ ត្រង់ចំណុច ច (ឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ) ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង