កូនប្រុសគំរាមស..ម្លាប់ម្ដាយបង្កើតខ្លួនឯង និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ
កណ្ដាល៖ កម្លាំងនគរបាលក្រុងអរិយក្សត្រ ខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ុំ ដារ៉ូត ភេទប្រុស អាយុ ២៩ឆ្នាំ បន្ទាប់ពីបានប្រើប្រាស់គ្រឿងញៀនរហូតបង្កអំពើហិង្សាគំរាមកំហែងសម្លាប់ម្ដាយបង្កើត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ នៅចំណុចភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។
ជនរងគ្រោះជាម្ដាយឈ្មោះ ស៊ុំ សំណាង ភេទស្រី អាយុ ៥៥ ឆ្នាំ។ ជនសង្ស័យជាកូនបានធ្វើតេស្តរកសារធាតុញៀនឃើញលទ្ធផលវិជ្ជមាន (+)!
សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ពេលម្ដាយកំពុងធ្វើម្ហូប ជនសង្ស័យបានក្រោកពីដំណេកហើយចាប់ផ្ដើមធាក់ទ្វារផ្ទះ គប់កំសៀវទឹក ចាក់បាយសម្លចោល បោកចានបោកឆ្នាំង និងយកដំបងឈើវាយក្បាំងម៉ូតូបណ្ដាលឱ្យបែកបាក់អស់។ មិនតែប៉ុណ្ណោះ ជនសង្ស័យថែមទាំងបានជេរប្រមាថដោយពាក្យសម្ដីមិនសមរម្យ ឡូកឡំបណ្ដេញម្ដាយចេញពីផ្ទះ ហើយថែមទាំងគំរាមសម្លាប់ទៀតផង។ ដោយទ្រាំលែងបាន ជនរងគ្រោះជាម្ដាយបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ។ ភ្លាមៗក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស៊ុំ ដារ៉ូត បានសារភាពថា ខ្លួនពិតជាបានគំរាមកំហែងសម្លាប់ និងបានវាយកម្ទេចសម្ភារៈរបស់ម្ដាយប្រាកដមែន។
ជនសង្ស័យត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ករណីនេះជាការដាស់តឿនមួយអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដែលអាចបំផ្លាញទំនាក់ទំនងគ្រួសារ និងអនាគតបុគ្គលយ៉ាងធ្ងន់ធ្ងរ ៕