ប្រទេសចិនគូសបញ្ជាក់ថា ការសម្រេចបាននូវការឈប់បាញ់គ្នា នៅតំបន់ហ្កាហ្សាជាភារកិច្ច ជាបន្ទាន់នាពេលបច្ចុប្បន្ន
អន្តរជាតិ៖ លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៣ ខែឧសភាម្សិលមិញនេះ បានថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និសីទជាន់ខ្ពស់ស្តីពីការអនុវត្ត“ដំណោះស្រាយរដ្ឋពីរ” ដោយគូសបញ្ជាក់ថា ការសម្រេចបាននូវការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សានិងជួយសង្គ្រោះអាយុជីវិតជាភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន ។
លោកGeng Shuangបានថ្លែងថា បច្ចុប្បន្ននេះ អ៊ីស្រាអែលបាននិងកំពុងបង្កើនការវាយប្រហារតាមផ្លូវគោកទៅលើតំបន់ហ្កាហ្សា ដើម្បីទន្ទ្រានកាន់កាប់ទឹកដីកាន់តែច្រើន ដែលបណ្តាលឱ្យស្ថានការណ៍មានភាពកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ។ ដោយឡែក លំនៅដ្ឋាននៅត្រើយខាងលិចទន្លេហ្ស៊កដង់ក៏ត្រូវពង្រីកឥតឈប់ឈរ កម្លាំងហិង្សារបស់អ្នកស្នាក់នៅទីនោះ ក៏មានភាពកាន់តែខ្លាំងឡើងៗដែរ ។ សហគមន៍អន្តរជាតិចាំបាច់ត្រូវជំរុញការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សាជាបន្ទាន់ ដើម្បីបន្ធូរបន្ថាយគ្រោះមហន្តរាយមនុស្សធម៌ និងផ្តល់ក្តីសង្ឃឹមដល់ប្រជាជននៅតំបន់ហ្កាហ្សា ។
លោក Geng Shuang បានថ្លែងទៀតថា ប្រទេសចិនគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យ ដែលចាត់ទុកខ្សែព្រំដែននាឆ្នាំ១៩៦៧ជាមូលដ្ឋាន ចាត់ទុកហ្សេរុយសាឡិមខាងកើតជារដ្ឋធានី និងមានអធិបតេយ្យជាតិដ៏ពេញលេញ គាំទ្រប៉ាឡេស្ទីនក្លាយទៅជារដ្ឋសមាជិកផ្លូវការនៃអង្គការសហប្រជាជាតិក្នុងពេលឆាប់ៗ ។ ប្រទេសចិននឹងខំប្រឹងប្រែងជំរុញឱ្យកិច្ចប្រជុំជាន់ខ្ពស់នៅខែមិថុនាទទួលបានសមិទ្ធផលជាវិជ្ជមាន ហើយនឹងចាត់ប្រតិបតិ្តការយ៉ាងប្រាកដប្រជានិងយ៉ាងខ្លាំងដើម្បីអនុវត្ត“ដំណោះស្រាយរដ្ឋពីរ”៕