សហរដ្ឋអាមេរិក ចាប់ផ្តើមដកទណ្ឌកម្មជាផ្លូវការចេញពីប្រទេសស៉ីរី ក្រោយការសន្យារបស់លោក ត្រាំ

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២៣ ខែឧសភា សហរដ្ឋអាមេរិកបានចាប់ផ្តើមដកទណ្ឌកម្មជាផ្លូវការហើយចេញពីប្រទេសស៉ីរី បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាថានឹងធ្វើបែបនោះ ដើម្បីជួយស៉ីរីកសាងប្រទេសឡើងវិញ ក្រោយសង្រ្គាមស៉ីវិល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងហិរញ្ញវត្ថុអាមេរិក និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសអំពីការចាប់ផ្តើមនិតីវិធីដកទណ្ឌកម្មចេញពីស៉ីរីវិញ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយប្រធានាធិបតី លោក Ahmed al-Sharaa។ លោក Rubio បាននិយាយថា សកម្មភាពនេះតំណាងឱ្យជំហានដំបូង ដើម្បីសម្រេចចក្ខុវិស័យរបស់ប្រធានាធិបតី ត្រាំ សម្រាប់ទំនាក់ទំនងថ្មីរវាងស៉ីរីនិងសហរដ្ឋអាមេរិក។
បន្ទាប់ពីលោក ដូណាល់ ត្រាំ បានជួបលោក Sharaa កាលពីសប្តាហ៍មុននៅអារ៉ាប៊ីសាអូឌីត សេតវិមានបាននិយាយថា លោក ត្រាំ បានស្នើឱ្យស៉ីរីទទួលយកលក្ខខណ្ឌមួយចំនួន ជាថ្នូរនឹងការដកទណ្ឌកម្ម ក្នុងនោះរួមមានទាំងការប្រាប់ឱ្យក្រុមសកម្មប្រយុទ្ធបរទេសទាំងអស់ចាកចេញពីស៉ីរី និងបណ្តេញជនទាំងឡាយ ដែលត្រូវបានចាត់ទុកជាក្រុមភេរវករ ហើយជួយអាមេរិកទប់ស្កាត់ការងើបឡើងវិញនៃក្រុម ISIS។ បើតាម លោក Rubio លោក ត្រាំ កំពុងផ្តល់ឱកាសឱ្យរដ្ឋាភិបាលស៉ីរី លើកកម្ពស់សន្តិភាពនិងស្ថិរភាព ទាំងនៅក្នុងប្រទេសផ្ទាល់ និងនៅក្នុងទំនាក់ទំនងរបស់ស៉ីរី ជាមួយបណ្តាប្រទេសជិតខាង។
គួរបញ្ជាក់ថា ទណ្ឌកម្មភាគច្រើនដែលអាមេរិកបានដាក់លើស៉ីរី គឺត្រូវបានធ្វើឡើងចំពោះរដ្ឋាភិបាលរបស់ អតីតប្រធានាធិបតីស៉ីរី លោក Bashar al-Assad ព្រមទាំងបុគ្គលសំខាន់ៗផ្សេងទៀត កាលពីឆ្នាំ២០១១ ក្រោយសង្រ្គាមស៉ីវិលផ្ទុះឡើងនៅទីនោះ។ លោក Sharaa បានដឹកនាំក្រុមឧទ្ទាមផ្តួលរំលំរបបលោក Assad កាលពីខែធ្នូ ឆ្នាំ២០២៤។ សហរដ្ឋអាមេរិកបានកត់ឈ្មោះប្រទេសស៉ីរី ចូលបញ្ជីរដ្ឋគាំទ្រភេរវកម្មតាំងតែពីឆ្នាំ១៩៧៩មកម្ល៉េះ ហើយចាប់តាំងពីនោះ បានបន្ថែមទណ្ឌកម្មជាបន្តបន្ទាប់ រួមមានទាំងទណ្ឌកម្មយ៉ាងច្រើន ក្រោយផ្ទុះការបះបោរប្រឆាំងលោក Assad នៅឆ្នាំ២០១១៕

អត្ថបទដែលជាប់ទាក់ទង