មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្កោលទោសឧបទ្ទវហេតុនាវាចម្បាំង ថាជា “ឧក្រិដ្ឋកម្ម”

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរមួយបានកើតឡើងកាលពីថ្ងៃពុធ (២១ ឧសភា) ក្នុងអំឡុងពេលនៃពិធីដាក់ដំណើរការនាវាចម្បាំងកូរ៉េខាងជើងថ្មី ខណៈមេដឹកនាំលោក គីម ជុងអ៊ុន កំពុងចូលរួមក្នុងព្រឹត្តិការណ៍នោះ ដោយលោកបានហៅឧប្បត្តិហេតុនេះថាជា “អំពើឧក្រិដ្ឋកម្ម” មិនអាចអត់ឱនឱ្យបាន។
KCNA បាននិយាយក្នុងថ្ងៃព្រហស្បតិ៍ (២២ ឧសភា) នេះថា លោក គីម ដែលបានមើលឃើញការបរាជ័យនៃពិធីដាក់ដំណើរការនាវាពិឃាតទម្ងន់ ៥.០០០តោននោះដោយផ្ទាល់ បានរិះគន់ខ្លាំងៗលើឧបទ្ទវហេតុនេះថាបណ្តាលមកពី “ការធ្វេសប្រហែស” ដែលបានធ្វើឱ្យខូចសេចក្តីថ្លៃថ្នូររបស់ប្រទេស ហើយបញ្ជាឱ្យជួសជុលនាវាចម្បាំងឱ្យរួច មុនពេលកិច្ចប្រជុំគណបក្សកាន់អំណាចដ៏សំខាន់នៅក្នុងខែមិថុនា ខាងមុខ។
KCNA និយាយថា ឧបទ្ទវហេតុនៅកំពង់ផែភាគខាងកើតក្រុង Chongjin នោះគឺបណ្តាលមកពីការបាត់បង់តុល្យភាព នៅពេលនាវាកំពុងដាក់ឱ្យដំណើរការ ហើយនិយាយថា តំបន់ខ្លះនៃផ្នែកខាងក្រោមនាវាចម្បាំងត្រូវបានកម្ទេច ប៉ុន្តែមិនលម្អិតបន្ថែមពីការខូចខាតឡើយ។ របាយការណ៍ក៏មិនបានបញ្ជាក់ទេថាតើមានជនរងគ្រោះ ឬយ៉ាងណា។
ការលាតត្រដាងជាសាធារណៈដ៏កម្រនៃឧប្បត្តិហេតុបែបនេះ កើតឡើងបន្ទាប់ពីមានរបាយការណ៍នៃការដាក់ដំណើរការនាវាពិឃាតមួយគ្រឿងផ្សេងទៀតដែលមានទំហំប្រហាក់ប្រហែលគ្នា កាលពីខែមេសា ដែលពិធីនោះក៏ចូលរួមដោយលោក គីម ផ្ទាល់នៅឯទីតាំងផលិតនាវានៅឆ្នេរខាងលិចក្រុង Nampho របស់កូរ៉េខាងជើង៕

អត្ថបទដែលជាប់ទាក់ទង