រយៈពេល៣ថ្ងៃ កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៣៦នាក់ ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា

(ភ្នំពេញ)៖ ជនសង្ស័យ៣៦នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ធើ្វការស្រាវជ្រាវបង្ក្រាបជនសង្ស័យជាបន្តបន្ទាប់ យកមកបង្ហាញមុខជាសាធារណៈ រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះមានម្នាក់ជាមុខសញ្ញាចាស់។

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផ្នែកការងារយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌ ធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើស និងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ យកមកបង្ហាញមុខរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ដែលជាអ្នកដឹកនាំប្រតិបត្តិការផ្ទាល់ បានអះអាងថា ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះ មានរយៈពេល៣ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ជាលទ្ធផលបង្ក្រាបបានសរុប១២ករណី ឃាត់៣៦នាក់ សារធាតុញៀន៧នាក់, ជនជាតិចិន១នាក់, ស្រី១នាក់ និងជាមុខសញ្ញាចាស់១នាក់។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបន្តទៀតថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធើ្វការស្រាវជ្រាវឃាត់ខ្លួន១៤នាក់ (ក្មេងទំនើងក្រុមឈ្មោះ ក្រុមយើង ស្រលាញ់គ្នា និងក្រុមអេលាន), ខណ្ឌដូនពេញ ឃាត់ខ្លួន២នាក់ (លួចទូរស័ព្ទដៃ និងលួចគ្រឿងអលង្ការ សរុបទឹកប្រាក់ចំនួន៤,០០០ដុល្លារ), ខណ្ឌសែនសុខ ឃាត់ខ្លួន២នាក់ (លួចមានស្ថានទម្ងន់ទោសគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ និងកាន់កាប់អាវុធខុសច្បាប់), ខណ្ឌ៧មករា ឃាត់ខ្លួន១នាក់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ផ្ទុះគ្រាប់អាវុធចំនួន២គ្រាប់ (ជនជាតិចិន), ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន១នាក់ ឆក់ទូរស័ព្ទដៃ (មុខសញ្ញាចាស់ចេញពីពន្ធនាគារ), ខណ្ឌទួលគោក ឃាត់ខ្លួន៨នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ៤នាក់ (ក្មេងទំនើង) នឹងករណីលួចទូរស័ព្ទដៃ ១ករណី ៤នាក់, ខណ្ឌច្បារអំពៅ ឃាត់ខ្លួន១នាក់ (លួចកុងទ័រទឹក), ខណ្ឌដង្កោ ២ករណី ឃាត់ខ្លួន៦នាក់ ក្នុងនោះមាន៖ ករណីកាន់កាប់អាវុធខុសច្បាប់ (កាំបិត និងដាវកែច្នៃ) ១ករណី ៤នាក់ (ក្មេងទំនើងឈ្មោះក្រុមទឹក កញ្ចប់TKJ) និងករណីលួច (ឆ្កឹះសោទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ), ខណ្ឌព្រែកព្នៅ ឃាត់ខ្លួន៥នាក់ ករណីកាប់ប្លន់យកម៉ូតូ ផ្សំគំនិត និងទទួលផល។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារយុត្តិធម៌ បានបញ្ជាក់ថា ក្រោយបង្ហាញមុខជនសង្ស័យទាំងអស់ និងវត្ថុតាងរួចមក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង