លោក Putin មិនស្ថិតក្នុងបញ្ជីមន្ត្រីវិមានក្រឹមឡាំង ដែលចូលរួមការចរចាសន្តិភាពអ៊ុយក្រែន នៅទួរគីទេ
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin មិនស្ថិតក្នុងចំណោមឈ្មោះត្រូវបានចុះបញ្ជីដោយវិមានក្រឹមឡាំង ដែលត្រូវចូលរួមកិច្ចចរចាសន្តិភាពស្តីពីសង្រ្គាមនៅអ៊ុយក្រែនក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីនៅថ្ងៃព្រហស្បតិ៍១៥ឧសភាសប្ដាហ៍នេះទេ ទោះមានការអំពាវនាវពីលោក Volodymyr Zelensky ឱ្យរូបលោកចូលរួមក៏ដោយ។
យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ី នឹងត្រូវដឹកនាំដោយមន្ត្រីជំនិតរបស់លោកPutin គឺ លោក Vladimir Medinsky ជំនួសវិញ។
លោក Zelensky ធ្លាប់បាននិយាយថា លោកនឹងចូលរួមកិច្ចពិភាក្សា និងជួបលោក Putin ដោយផ្ទាល់ ប្រសិនបើប្រធានាធិបតីរុស្ស៊ីបានយល់ព្រម ហើយបាននិយាយថា លោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលលោកអាចធ្វើបាន ដើម្បីធានាបានថាជំនួបទល់មុខគ្នាបានកើតឡើង។
ប្រធានាធិបតីអ៊ុយក្រែននឹងស្ថិតនៅក្នុងរដ្ឋធានីអង់ការ៉ា របស់ទួរគីនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីជួបលោកប្រធានាធិបតី Recep Tayyip Erdogan ។
លោក Putin និងលោក Zelensky មិនបានជួបគ្នាផ្ទាល់ទេ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩ មក ។ រុស្ស៊ី និងអ៊ុយក្រែន បានចរចាដោយផ្ទាល់ចុងក្រោយកាលពីខែមីនា ឆ្នាំ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ភ្លាមៗបន្ទាប់ពីទីក្រុងមូស្គូបានបើកការវាយលុកនពេញទំហឹងលើប្រទេសជិតខាងរបស់ខ្លួនមួយនេះ៕