សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេ

នាថ្ងៃព្រហស្បត្តិ៍ ១២ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានប្រធានាធិបតីទីម័រឡេស្តេ ទីក្រុងឌីលី។
ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនៅទីមួយនេះ។ ឯកឧត្តមបានរំលេចថា កម្ពុជាគឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្តេ ហើយឯកឧត្តមក៏អរគុណចំពោះសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែងជ្រោមជ្រែងទីម័រឡេស្តេ និងបានចូលរួមចំណែកឱ្យទីម័រឡេស្តេ អាចក្លាយទៅជាសមាជិកសង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាន និងការជ្រោមជ្រែងរបស់សម្ដេចតេជោ ក្នុងការជួយទីម័រឡេស្តេ ក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ។
សម្ដេចតេជោ បានរំលេចថាកាលពីឆ្នាំ២០១៦ សម្ដេចតេជោធ្លាប់ បានមកដល់ទីម័រឡេស្តេ ម្ដងហើយ ហើយឆ្នាំ២០២៥ នេះ គឺបានអញ្ជើញមកជាថ្មីម្ដងទៀត ដោយសម្ដេចបានកត់សម្គាល់ពីភាពរីកចម្រើនរបស់ទីម័រឡេស្តេ ផងដែរ។ នៅក្នុងឱកាសនៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតនាំយកនូវព្រះរាជបណ្ដាំសួរសុខទុក្ខរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ។ ក្នុងជំនួបនោះសម្ដេចតេជោហ៊ុន សែន បានបង្ហាញនូវក្តី រំភើបយ៉ាងក្រៃលែងចំពោះការទទួលបដិសណ្ឋារកិច្ចដ៏អស្ចារ្យ ពីសំណាក់ ភាគីទីម័រឡេស្តេ នៅក្នុងឱកាសសម្ដេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេ។ សម្ដេចតេជោបានបញ្ជាក់ថាការទទួលគណៈប្រតិភូក្នុងទម្រង់បែបនេះមិនអាចធ្វើទៅបានឡើយប្រសិនបើទំនាក់ទំនងប្រទេសទាំងពីរមិនរឹងមាំហ្នឹងមិនល្អប្រសើរទីនោះ។ សម្តេចតេជោ ក៏បានរំលេចបន្ថែមអំពីការពង្រឹងចំណងមិត្តភាព រវាងកម្ពុជានិងទីម័រឡេស្តេបន្តទៀត ខណៈប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា អស់រយៈពេលជាង ២៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០២ កន្លងមក។ សម្ដេចតេជោសង្ឃឹមថាភាគីទាំងពីរ និងរួមគ្នាពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
នៅក្នុងឱកាសនោះឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេក៏បានឆ្លើយតបសម្ដេចតេជោថា ប្រជាជន រដ្ឋាភិបាលទីម័រឡេស្តេ ក៏ដូចជាឯកឧត្តមផ្ទាល់ គឺមានកិត្តិយសឧត្តុង្គឧត្តម និងមានមោទនភាព ដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញមកកាន់ទីម័រឡេស្តេ នៅក្នុងឱកាសនេះ។ នៅក្នុងឯកឧត្តមបានបញ្ជាក់ថា ទីម័រឡេស្តេ គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់កម្ពុជា។ ទន្ទឹមទាំងនេះឯកឧត្តមកោតសរសើរពីឥស្សរភាព របស់សម្ដេចតេជោ ដែលឯកឧត្តមចាត់ទុកសម្ដេចតេជោ គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះ ឯកឧត្តមប្រធានាធិបតី ក៏បានរំលេចអំពីការពលីកម្មរបស់សម្ដេចតេជោ ក្នុងបុព្វហេតុដើម្បីកម្ពុជា។ ឯកឧត្តមបានហៅសម្ដេចតេជោថាគឺជាអ្នករំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប។ ហើយឯកឧត្តមប្រធានាធិបតីក៏បានរំលេចនូវការដឹងគុណជាថ្មីម្ដងទៀតចំពោះសម្ដេចតេជោដែលបានជួយជ្រោមជ្រែងទីម័រឡេស្តេ ហើយសង្ឃឹមថាទីម័រឡេស្តេនឹងអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិនៅក្នុងពេលខាងមុខដ៏ឆាប់។
នៅក្នុងកាលនោះ សម្ដេចតេជោក៏បង្ហាញនូវក្តីសង្ឃឹមផងដែរថា ទីម័រឡេស្តេនឹងអាចចូលជាសមាជិក អាស៊ានពេញសិទ្ធិ នៅពេលខាងមុខ។ សម្ដេចបានរំលេចអំពីការខិតខំប្រឹងប្រែង ជាពិសេសគឺជំហររបស់កម្ពុជា ក្នុងការគាំទ្រទីម័រឡេស្តេ ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ សម្ដេចក៏រំលេចការប្រៀបធៀបពីទីម័រឡេស្តេក្នុងពេលបច្ចុប្បន្ន និងស្ថានភាពកម្ពុជា កាលពីមុនចូលអាស៊ាន ១៩៩៩នោះ គឺ GDP របស់កម្ពុជាមានត្រឹមតែ២៨១ដុល្លារទេ ប៉ុន្តែស្ថានភាពGDP របស់ទីម័រនៅពេលនេះ មានរហូតដល់១៤៥៣ដុល្លារ ដែលបើប្រៀបធៀបស្ថានភាពកម្ពុជា និងទីម័រគឺខុសគ្នាឆ្ងាយណាស់ ដែលនេះវាសាកសមណាស់នៅក្នុងស្ថានភាពដែលទីម័រឡេស្តេអាចចូលជាសមាជិកពេញសិទ្ធិអាស៊ានបាន។ នៅចុងក្រោយនៃជំនួបភាគីទាំងពីរ បានផ្លាស់ប្ដូរទស្សនៈគ្នាពីបញ្ហាតំបន់និងពិភពលោកដែលកំពុងកើតមានផងដែរ។ សម្ដេចតេជោក៏បាននាំយកនូវការអញ្ជើញរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះលោកប្រធានាធិបតីទីម័រឡេស្តេ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជានៅពេលសមស្របណាមួយ៕

អត្ថបទដែលជាប់ទាក់ទង