អភិបាលខេត្តកំពង់ស្ពឺ ចាត់ទុកការប្តឹងមន្ត្រីទីចាត់ការសាលាខេត្តម្នាក់ពីបទគុបគិតគ្នា និងក្លែងបន្លំឯកសារជាសាធារណៈ គឺមិនមានភ័ស្តុតាងជាក់លាក់

កំពង់ស្ពឺ៖ មន្ត្រីការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ ចំណុះឱ្យទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ លោកស្រី ហ៊ឹម សុខ បានរងបណ្តឹងថា បានគុបគិតគ្នាក្លែងបន្លំឯកសារជាសាធារណៈ ប្រព្រឹត្តនៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង។ ប៉ុន្តែយោងតាមលិខិតរបស់អាជ្ញាធរខេត្តកំពង់ស្ពឺថា ករណីនេះមិនមានភ័ស្តុតាង ឬឯកសារគតិយុត្តពាក់ព័ន្ធណាមួយឱ្យស្របតាមខ្លឹមសារនៃបណ្ដឹងចោទនោះឡើយ។

ក្នុងលិខិតដែលចុះហត្ថលេខាដោយ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំបង់ស្ពឺ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តបានទទួលរួចហើយនូវពាក្យបណ្តឹងចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ របស់លោក ខុង ស៊ាងហ៊ី មានទីលំនៅក្នុងរាជធានីភ្នំពេញដែលបានប្តឹងចោទទៅលើ លោកស្រី ហ៊ឹម សុខ មានតួនាទីជាអនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ ចំណុះឱ្យទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ពីបទគុបគិតគ្នា និងក្លែងបន្លំឯកសារជាសាធារណៈប្រព្រឹត្តនៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង និងពាក្យស្នើសុំប្តូរប្រធានអង្គប្រជុំចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

តាមរយៈពាក្យបណ្ដឹង និងលិខិតស្នើសុំទាំងពីរខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានពិនិត្យដោយយកចិត្តទុកដាក់ និងហ្មត់ចត់បំផុត ដោបានស្រាវជ្រាវប្រមូលនូវព័ត៌មាននានា និងឯកសារពាក់ព័ន្ធទាំងអស់ ព្រមទាំងបានអញ្ជើញ លោកស្រី ហ៊ឹម សុខ បំភ្លឺចំនួន ៣លើក រួចមកហើយ។ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានអនុញ្ញាត និងអញ្ជើញ លោក ខុង ស៊ាងហ៊ី មកចូលរួមកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ និងស្នើសុំឱ្យលោកផ្តល់នូវឯកសារដែលមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ សម្រាប់ចោទទៅលើលោកស្រី ហ៊ឹម សុខ ដើម្បីរដ្ឋបាលខេត្ត មានវិធានការ ព្រមទាំងអនុវត្តវិធានការវិន័យរដ្ឋបាល ស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ក៏ដូចជាវិធាននានាផ្សេងៗទៀត សម្រាប់ឱ្យស្ថាប័នច្បាប់បន្តចាត់ចែងអនុវត្តនីតិវិធី ប៉ុន្តែលោកនៅតែមិនមានភ័ស្តុតាង ឬឯកសារគតិយុត្តពាក់ព័ន្ធណាមួយឱ្យស្របតាមខ្លឹមសារនៃបណ្ដឹងចោទនោះឡើយ។

ចំពោះបញ្ហានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរកឃើញ និងសម្រេចថា ករណីវិវាទដីធ្លីនៅទីតាំងខាងលើត្រូវបានដោះស្រាយចប់សព្វគ្រប់តាមរយៈខ្លឹមសារ នៃលិខិតលេខ៨៤៤/២០ ៦ អ.ប.ខ អ.ប. ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ហើយភាគីវិវាទក៏ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរៀងៗខ្លួនរួចហើយ។ ដោយផ្អែកលើទិដ្ឋភាពច្បាប់ក្នុងមាត្រា៤១ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ករណីនេះត្រូវបានអយ្យការអមសាលាដំបូងខេត្ត និងសាលាដំបូងខេត្តកំពង់ស្ពឺ ចេញសេចក្តីជូនដំណឹងស្តីពី ការលើកលែងការចោទប្រកាន់តាមរយៈខ្លឹមសារលិខិតលេខ១៧៧៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥, ដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ លេខ៣៦៣ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ និងដីកាសម្រេចលើកចោលពាក្យបណ្តឹងលេខ២៨ “ខ” ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ តាម ទម្រង់ច្បាប់ចប់សព្វគ្រប់រួចរាល់អស់ហើយ។

យោងតាមស្មារតីនៃកំណត់ហេតុសាកសួរក្នុងកិច្ចប្រជុំចំនួន ៣លើក និងពិនិត្យលើសំណុំឯកសារពាក់ព័ន្ធផ្សេងៗទៀត មិនមានឯកសារណាមួយជាតម្រុយ ឬបញ្ជាក់បានថា លោកស្រី ហ៊ឹម សុខ បានក្លែងបន្លំឯកសារក្នុងការដោះស្រាយវិវាទដីធ្លីនាពេលកន្លងមកនោះឡើយ។

ករណីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានច្រានចោលពាក្យបណ្តឹងចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ របស់ឈ្មោះ ខុង ស៊ាងហ៊ី និងបណ្តឹងផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិវាទដីធ្លីលើទីតាំងខាងលើ៕

អត្ថបទដែលជាប់ទាក់ទង