ការបង្កើតការងារ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញយ៉ាងច្បាស់ថា ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនការងារដែលផ្តល់កម្លាំងពលកម្មដល់ប្រជាពលរដ្ឋ ដោយពង្រីក ទាំងបរិមាណ និងគុណភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ, បុគ្គលិក, កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥ ខេត្តព្រះសីហនុ ថា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាទីតាំងដែលសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានផ្តល់វត្តមានដើម្បីធ្វើការប្រកាសដាក់ចេញគោលនយោបាយ, សម្ពោធសមិទ្ធផល, និងជួបជុំសំណេះសំណាល ព្រោះ ខេត្តព្រះសីហនុ គឺជាខេត្តប៉ូលសេដ្ឋកិច្ច, ជាពហុវិស័យប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ហើយថ្ងៃមុខនឹងអញ្ជើញមកសម្ពោធរោងចក្រទី២, នៅពេលដែលកម្លាំងវិនិយោគកាន់តែខ្លាំង នោះកម្លាំងសេដ្ឋកិច្ច និងកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែកើនផងដែរ។ ហេតុផលនេះហើយ ទើបជាគោលដៅយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលក្នុងការបង្កើតការងារ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញយ៉ាងច្បាស់ថា ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនការងារដែលផ្តល់កម្លាំងពលកម្មដល់ប្រជាពលរដ្ឋ ដោយពង្រីក ទាំងបរិមាណ និងគុណភាព។
ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបើកច្រកក្នុងការពិនិត្យ និងផ្តល់លទ្ធភាពក្នុងការជ្រើសរើសថ្នាក់ដឹកនាំក្រុមហ៊ុនវិស័យឯកជន គឺបើកនូវភាពបត់បែនក្នុងវិស័យឯកជន សម្រាប់អភិវឌ្ឍ និងធានានៅការដឹកនាំតួអង្គដែលមានសមត្ថភាព, បទពិសោធ ដោយមិនរើសអើង សំដៅធានាភាពម្ចាស់ការ, ប្រសិទ្ធភាព ដើម្បីទាញយកប្រសិទ្ធផលជូនសហគ្រាស ក្នុងការប្រកួតប្រជែង ពិសេសសម្រាប់សហគ្រាសយុទ្ធសាស្ត្រ ជាក់ស្តែងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។ ក្នុងន័យនេះ, ផែនការដែលរាជរដ្ឋាភិបាលបានធ្វើសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺវិវត្តកំពង់ផែមិនត្រឹមតែសម្រាប់កម្ពុជា និងអន្តរជាតិ តែជាកំពង់ផែបម្រើដល់ការដឹកជញ្ជូនថ្នាក់តំបន់ ដោយគោលដៅគឺប្រែក្លាយឱ្យទៅជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់ ព្រោះ “កម្ពុជា មានបំណងចង់ដើរតួនាទីកាន់តែសកម្មទាំងក្នុងតំបន់ និងពិភពលោក”។
ព្រមជាមួយគ្នានេះដែរ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា វដ្តនៃសេដ្ឋកិច្ចមានកើន មានចុះ តែចរន្តនៃការធ្វើពាណិជ្ជកម្មគឺមិនកាត់ផ្តាច់នោះទេ ព្រោះគ្មានប្រទេសណាដែលអាចរស់បានដោយមិនធ្វើពាណិជ្ជកម្មទៅក្រៅ ឬរស់នៅឯកោឡើយ។ ទំនាក់ទំនងពាណិជ្ជកម្មកាន់តែរីក, តម្រូវការកាន់តែកើន, មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក នៅតែសំខាន់ ហើយនឹងបន្តជានិច្ច។ ដូចនេះ, រាជរដ្ឋាភិបាលបានព្យាករណ៍ក្នុងការរីកចម្រើនលើវិស័យដឹកជញ្ជូន និងភ្ជាប់ការដឹកជញ្ជូនទៅខាងក្រៅ ដោយភ្ជាប់ផ្លូវទឹកកម្ពុជាទៅពិភពលោក ទើបរាជរដ្ឋាភិបាល បណ្តាក់ទុនការវិនិយោគលើកំពង់ផែ ហើយជាការវិនិយោគដោយភាពឆ្លាតវៃ។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីវឌ្ឍនភាពនៃពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិក, ដោយរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការ និងធ្វើជាបន្តបន្ទាប់ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងកិច្ចការងារចរចាលើកិច្ចការពាណិជ្ជកម្ម និងលក្ខខណ្ឌផ្សេងៗ ដើម្បីគោលដៅសំខាន់បំផុត គឺគាំទ្រការងារប្រជាពលរដ្ឋ, សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងចំណូលជូនប្រជាពលរដ្ឋ នៅធានាបាន។ ដូចនេះ,សូមបងប្អូនប្រជាពលរដ្ឋ ខិតខំចូលរួមជាមួយរាជរដ្ឋាភិបាល កុំជឿតាមការញ៉ុះញ៉ង់ពីក្រុមដែលតែងបង្កើតបញ្ហា ពិសេសដើរអំពាវនាវបរទេសឱ្យរិតបន្តឺង ឬដាក់គំនាបសេដ្ឋកិច្ចបន្ថែមមកលើកម្ពុជា ដែលកំពុងស្ថិតក្នុងដំណាក់កាលលំបាកនេះ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តដាក់ចេញវិធានការផ្សេងៗ សំដៅបន្តជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែសកម្ម និងរីកចម្រើនបន្ថែមទៀត ផងដែរ។ សម្តេចបវរធិបតី ក៏បានសម្ដែងការសោកស្ដាយដែលក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅស្រុកបន្តធ្វើការរាំងស្ទះ និងអំពាវនាវដល់អន្តរជាតិ ក៏ដូចជាសហរដ្ឋអាមេរិកឱ្យដាក់ទណ្ឌកម្មមកលើកម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយជាមួយសហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋ ៕