NEA និងមន្ទីរការងារ ធ្វើការផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន ខណ្ឌ និងសង្កាត់ នៅភ្នំពេញ

ភ្នំពេញ៖ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ និង សាលារាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលា “ផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន” នៅសាលារាជធានីភ្នំពេញ ជូនដល់ខណ្ឌ និងសង្កាត់ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីតំណាងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, ក្រុមហ៊ុន មីនេបៀ (ខេមបូឌា), អាជ្ញាធរមូលដ្ឋាន និង ភាគីពាក់ព័ន្ធសរុបប្រមាណ ២០០ នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីសេវាការងារ និងព័ត៌មានឱកាសការងារដល់មូលដ្ឋាន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបានព័ត៌មានអំពីឱកាសការងារ និងចុះឈ្មោះស្វែងរកការងារ និងដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មរបស់វិស័យឯកជន។ សិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញពីសេវាការងារ និងការផ្សព្វផ្សាយអំពីឱកាសការងារដែលកំពុងត្រូវការដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះស្វែងរកការងារតាមរយៈអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌទាំងអស់ដែលចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង