ប្រតិភូយុវជនសិង្ហបុរី នៃកម្មវិធី Youth Leaders Collective នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១ដល់ទី៣ ខែឧសភានេះ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់សហភាពសហព័ន្ធយុវជនកម្ពុជាគណៈប្រតិភូយុវជនសិង្ហបុរី នៃកម្មវិធី Youth Leaders Collective នឹងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ទស្សនកិច្ចរបស់សមាគមប្រជាជនសិង្ហបុរីនេះគឺជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈ នៃការយោគយល់គ្នារវាង សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore) ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ តាមរយៈសហប្រតិបត្តិការទ្វេភាគីនេះ ស្ថាប័នយើងទាំងពី២បានធ្វើការរួមគ្នាជាច្រើន ក្នុងនោះ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ទាំងកម្រិតថ្នាក់ដឹកនាំ និងយុវជនបានត្រូវធ្វើឡើងជាប្រចាំ។
ការផ្លាស់ប្តូរទស្សនកិច្ចរវាងយុវជនកម្ពុជា-សិង្ហបុរី បានឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងរឹងមាំរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសការជំរុញឱ្យមានកិច្ចសហការជាបន្តបន្ទាប់លើកិច្ចការរួមគ្នាកសាងនូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ វិនិយោគទុន និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ទស្សនកិច្ចនៅពេលនេះ ត្រូវបានធ្វើឡើង ចំពេលដែលប្រទេសយើងទាំង២កំពុងប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥ ក្នុងសម័យសង្គមរាស្ត្រនិយម។ តាមរយៈចំណងមិត្តភាពដែលបានកសាងដោយថ្នាក់ដឹកនាំជំនាន់មុន ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ និងឯកឧត្តម លី ក្វាន់យូ បន្តមកដល់ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម លី សៀនឡុង និងមកទល់បច្ចុប្បន្ន រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Lawrence Wong បានសរបញ្ជាក់ឱ្យឃើញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានរួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង