លោក ផាង វី អញ្ជើញចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក និងការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង
នៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយលោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំខួបនៅប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដែលសម្រេចបានប្រមាណ ២០%។
លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្មបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២៥នេះ ការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក រួមមាន៖ ទី១)ជួសជុលប្រឡាយមេប្រវែង ៣២០០ម៉ែត្រ ទី២)ជួសជុលសំណង់សិល្បការ្យលើប្រឡាយមេ ចំនួន ១៣កន្លែង និង ទី៣)សាងសង់សំណង់សិល្បការ្យថ្មីចំនួន ២កន្លែង។ លោកបានបន្ថែមថា ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១២០០ហិកតា និងស្រូវប្រាំងជិត ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត។
នៅរសៀលថ្ងៃដដែល លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងក្រុមការងារបច្ចេកទេស បានបន្តចុះពិនិត្យមើលការងារថែទាំប្រចាំលើប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ក្នុងខេត្តព្រៃវែង។
សូមជម្រាបថា ការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហាន១ រួមមាន៖ ទី១)ប្រឡាយមេ ៣ខ្សែ ប្រវែងប្រមាណ ៧០គីឡូម៉ែត្រ និង ទី២)សំណង់សិល្បការ្យចំនួន ១១៦កន្លែង។ ប្រព័ន្ធធារាសាស្រ្តវៃគោ(ជំហាន១) លាតសន្ធឹងលើខេត្តចំនួន៤គឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ១០៨៣០០ហិកតា។
ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្មបានគូសបញ្ជាក់ថា តបតាមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តជាប្រចាំនៅទូទាំងប្រទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័កិ្តសិទ្ធិភាព និងនិរន្តរភាព ក្រុមការងារក្រសួងនិងមន្ទីរបាននិងកំពុងបន្តយកចិត្តទុកដាក់អនុវត្តការងារថែទាំប្រព័ន្ធធារាសាស្ត្រទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានានូវគុណភាពប្រើប្រាស់បានយូរអង្វែង៕