គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលអោយមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់
កំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ ២០២៣ នៅលេីផ្លូវលេខ ១៥៣ ស្ថិតក្នុងភូមិស្រែតាជៃខាងលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ១គ្រឿងម៉ាក ហុងដាគុប ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1AC-1929 បេីកបរដោយឈ្មោះ តុប សៀម ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិ ត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង។
លុះដល់ចំនុចខាងលេី ក៏បានរេចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1K-3660 បេីកបរដោយឈ្មោះ ផាន់ សុជាតិ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ ស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បើកបរមកពីទិសខាងជើង ទៅទិសត្បូង (ក្នុងដំណើរបញ្ច្រាស់ទិសគ្នា) បណ្តាលអោយដួលបោកក្បាលឈ្មោះ តុប សៀន (ប្រុស) ស្លាប់នៅកន្លែងកើតហេតុ របួសម្នាក់បែកចិញ្ចើមនិងបាក់ភ្លៅខាងស្តាំឈ្មោះ ផាន់ សុជាតិ (ស្រី)។
ក្រោយពេលកើតហេតុកម្លាំងជំនាញ ចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងពិនិត្យយកអ្នករបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ និងសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ វត្ថុតាងម៉ូតូទាំង ០២គ្រឿង បានចាប់យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕