រថយន្តបុកម៉ូតូ ដែលឆ្លងផ្លូវ បណ្តាលបុរសម្នាក់ ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់

បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ រថយន្តបុកម៉ូតូ ដែលឆ្លងផ្លូវ បណ្តាលបុរសម្នាក់ ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ នៅផ្លូវជាតិលេខ៥ វាងក្រុង ស្ថិតក្នុងភូមិគាបសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅមុនពេលកើតហេតុ ជនរងគ្រោះ ២ នាក់ បានជិះឌុបគ្នា នូវម៉ូតូម៉ាកហុងដា ឌ្រីមពាក់ផ្លាក់លេខ សៀមរាប 1K.5946 ឆ្លងផ្លូវពីខាងត្បូងមកខាងជើង។ ខណ:នោះ រថយន្តតូយូ៉តា រ៉ាលី សេរីឆ្នាំ២០២៣ ពណ៌ខ្មៅបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីខាងកើតមកខាងលិច បានបុកម៉ូតូ ពេញទំហឹង ប៉ើងជិត ២០ ម៉ែត្រ បណ្តាលស្លាប់ម្នាក់នៅកន្លែង និងម្នាក់ទៀត របួសធ្ងន់ ។
ជនរងគ្រោះស្លាប់ មានឈ្មោះ មៃ មុំ ភេទប្រុស អាយុជាង ៥០ ឆ្នាំ ជាពោះម៉ាយកូន១ រស់នៅភូមិបត់ត្រង់តូច ឃុំបត់ត្រង់ ស្រុកមង្គលបូរី និងអ្នករងរបួសធ្ងន់ រស់នៅក្បែរគ្នា ។ រថយន្តបង្ក បានបើករត់គេច ហើយសមត្តកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវ ដឹងមុខសញ្ញា ហើយស្ទាក់ឃាត់ ដែលជារថយន្តតូយូតា រ៉ាលី ពណ៌ខ្មៅ មានទិសដៅទៅ ក្រុងប៉ោយប៉ែត ។


កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានមកដល់ សម្រួលចរាចរណ៍ និងវាស់វែង ។ចំណែកនិងរថយន្តគិលានសង្គ្រោះ នៃមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី បានយកជនរងគ្រោះ ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។ រីឯសពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្ត ដើម្បីស្រាវជ្រាវ រកសាច់ញាតិ ៕

អត្ថបទដែលជាប់ទាក់ទង