បុរសពីរនាក់ បានជិះម៉ូតូឌុបគ្នា វ៉ា រថយន្តដែលជិះតាមបណ្តោយផ្លូវស្របគ្នា វ៉ាមិនផុត បែរជាជ្រុលទៅទាក់ ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀត បណ្តាលដួលបោកក្បាល ស្លាប់ម្នាក់ និងម្នាក់ទៀត ដែលជាអ្នករួមដំណើរ បានរងរបួសស្រាល

ភ្នំពេញ៖ កាលពី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅមុខមជ្ឍមណ្ឌលអភិវឌ្ឍសង្គម ពោធិ៍សែនជ័យ តាមបណ្តោយផ្លូវលេខ ១៩៦២ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ឆាយ ទូច ភេទប្រុស អាយុ ៣២ឆ្នាំ ជាជាងផ្សាដែក មានលំនៅភូមិបឹងប៉ិច សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានកូនប្រុសស្រី ៣ នាក់ ប៉ុន្តែទើបតែលែងលះជាមួយប្រពន្ធ បាន ១ខែប៉ុណ្ណោះ។
ដោយឡែក អ្នករួមដំណើរជាមួយសពជនរងគ្រោះ ដែលបានរបួសស្រាល មានឈ្មោះ នួន រក្សា ភេទប្រុស ដែលជាជាងដែកខណៈពួកគេបានជិះម៉ូតូម៉ាកហុងដា វេវ ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ 1FX.5772 ។


នៅមុនពេលកើតហេតុ ខ្លួនបានទិញ ស្រាថ្នាំ ផឹកម្នាក់ ១កែវ រួចក៏បានជិះម៉ូតូទៅធ្វើការនៅម្តុំពោធិ៍ចិនតុង ដោយឈ្មោះ ទូច ជាអ្នកឌុប។ លុះមកដល់កន្លែងកើតហេតុ ក៍បានបើកម៉ូតូឡើងវ៉ាជែងរថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរស្របទិសគ្នា ប៉ុន្តែជាអកុសល ក៏ជ្រុលទៅទាក់ដៃចង្កូត ជាមួយម៉ូតូ ១គ្រឿងទៀត ដែលធ្វើដំណើរ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យដួលបោកក្បាលនៅលើ ថ្នល់បែកមួក និងក្បាលពីក្រោយ បណ្តាលឱ្យស្លាប់ នៅកន្លែងកើតហេតុ ហើយម៉ូតូ ម្ខាងទៀត ពុំបានដួលនោះទេ ជិះទៅបាត់ទៅ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមន្ត្រីជំនាញ ខណ្ឌព្រែកព្នៅ បញ្ជូនទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង