ព្រះសង្ឃជាច្រើនអង្គរបួសធ្ងន់ស្រាល ដោយសារអ្នកបើកបរមិនប្រុងប្រយ័ត្ន ដោយខ្លួនឯង បណ្ដាលឲ្យរថយន្តក្រឡាប់
ខេត្តរតនគិរី ៖ ឧបាសក់ម្នាក់ និងលោកសង្ឃ ២អង្គ ត្រូវបានយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បន្ទាប់ពីតៃកុងឡាន បើកបរមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្តក្រឡាប់។
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ក្រឡាប់រថយន្ត បណ្តាលឲ្យលោកសង្ឃចំនួន ៨អង្គ រងរបួសធ្ងន់ស្រាលនេះបានកើតឡើង នៅ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខ្ទមចំការឈ្មោះ សូភី តាមកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ដោយរថយន្តនេះ ធ្វើដំណើរចេញពីស្រុកអូរយ៉ាដាវ ឆ្ពោះទៅកាន់ទឹកធ្លាក់ អូរសុីនលែរ៍។
លោក ក្លល់ ថើង អធិការស្រុកលំផាត់ បានឲ្យដឹងថា អ្នករួមដំណើរមានព្រះសង្ឃ ៨អង្គ របួសធ្ងន់ ២អង្គ និងម្នាក់ទៀតជាឧបាសក់ របួសស្រាល បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។ ចំណែក ៦អង្គទៀត បានដឹកបញ្ជូនតាមរថយន្តសង្គ្រោះឯកជន របស់ស្រុកលំផាត់ យកមកព្យាបាលនៅមណ្ឌលសុខភាពស្រុកលំផាត់។ លោកអធិការ បានបញ្ជាក់ទៀតថា គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបររថយន្តដឹកលោកសង្ឃនោះ បើកលឿនពេក មិនបានប្រុងប្រយ័ត្ន ក៏ប្រទះនឹងរថយន្ដយីឌុបមួយគ្រឿងនៅពីមុខ ក៏គេចពីរថយន្តយីឌុបនោះ បណ្ដាលឲ្យក្រឡាប់ដោយខ្លួនឯង។ លោកអធិការបន្ថែមថា អ្នករងរបួសទាំងនោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយរថយន្តដែលបានក្រឡាប់នោះ សមត្ថកិច្ចជំនាញបានអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ហើយ៕